គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបានជាង៣០ភាគរយគិតត្រឹមដើមឆ្នាំនេះ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ទោះស្ថិតនៅក្នុងវិបត្តិដោយសារតែកូវីដ១៩ ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុនៅតែដំណើរការធម្មតា ដោយមិនមានការអាក់ខាននោះទេ ហើយរហូតមកដល់ពេលដើមឆ្នាំ ២០២១នេះ គម្រោងសាងសង់នេះសម្រេចបានប្រមាណជាង៣០ភាគរយហើយ។

លោកវ៉ាស៊ឹម សូរិយាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងប្រាប់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនជាគម្រោងថ្នាក់ជាតិ និងទទួលហិរញ្ញវត្ថុពីបរទេស ដូច្នេះគម្រោងនេះ មិនទទួលរងឥទ្ធិពលពីកូវីដ១៩នោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “វានៅតែដំណើរការសាងសង់ដដែលចាប់តាំងពីកម្ពុជានិងពិភពលោកជួបប្រទះនឹងជំងឺកូវីដ១៩។ រហូតមកដល់ពេលនេះ គម្រោងផ្លូវល្បឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ សម្រេចប្រមាណ៣១ភាគរយហើយ ហើយក៏គ្រោងឱ្យសម្រេចទៅតាមផែនការ ដែលបានគ្រោងទុកផងដែរ”។

លោកបានបន្តទៀតថា “នៅពេលផ្លូវនេះសាងសង់រួចវានឹងជំរុញខឿនសេដ្ឋកិច្ចកម្ពុជាកាន់តែមានសន្ទុះមួយកម្រិតទៀត ជាពិសេសវានឹងក្លាយផ្លូវសំខាន់ក្នុងការដឹកជញ្ជូនទំនិញពីកំពង់ផែទៅកាន់ភ្នំពេញ និងពីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ”។
លោកស៊ិន ចាន់ធីប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុគឺជាផ្លូវសំខាន់ សម្រាប់វិស័យដឹកជញ្ចូននៅពេលផ្លូវនេះសាងសង់រួចរាល់។

លោកបានបន្តថា “បច្ចុប្បន្ន ការដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជាហាក់មានភាពយឺតយ៉ាវបន្តិច ដោយសារផ្លូវតូចចង្អៀត និង ត្រូវប្រើពេលវេលាយូរថែមទៀតផង តែបើសិនជាផ្លូវល្បឿនលឿនសង់រួច និងដាក់ដំណើរការ ពីភ្នំពេញ ទៅ កាន់ខេត្តព្រះសីហនុ អាចប្រើពេលត្រឹមបីឬបួនម៉ោងប៉ុណ្ណោះនឹងដល់ ព្រមទាំងអាចសន្សំសំចៃប្រេងក្នុងការប្រើប្រាស់សម្រាប់យានយន្តផងដែរ”។

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុគឺមានប្រវែង១៩០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាសម្រាប់សាងសង់ប្រមាណ២ពាន់លានដុលក្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ក្នុងនោះក៏មានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here