អាមេរិកបានដាក់ចេញទិសដៅពង្រឹងទំនាក់ទំនងនិងបង្កើនការវិនិយោគ នៅក្នុងតំបន់អាស៊ាន

ដោយៈ ប៊ី

ភ្នំពេញៈ សហរដ្ឋអាមេរិកកំពុងព្យាយាមពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូកាន់តែរឹងមាំជាងមុន ជាមួយបណ្តាប្រទេសប្រទេសអាស៊ាន តាមរយៈយុទ្ធសាស្ត្រសេរី និងបើកទូលាយនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយបានអះអាងថា អាស៊ាននឹងនៅតែជាស្នូលនៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក-អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Reed Werner ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីពេលថ្មីៗនេះថា ឯកសារដែលសង្កត់ធ្ងន់លើវិបុលភាពរួមគ្នា ស្ថេរភាព សន្តិភាព និងអធិបតេយ្យភាពរបស់ប្រជាជាតិនានា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជា “ពន្លឺដឹកនាំ” អំពីរបៀបដែលសហរដ្ឋអាមេរិកសម្លឹងមើល និងខិតទៅជិតអាស៊ាន។

លោកបានថ្លែងថា “វាជាឯកសារសំខាន់សម្រាប់យើង និងរបៀបដែលយើងមើលតំបន់នេះ ហើយវាបង្ហាញពីវិធីសាស្រ្តរបស់រដ្ឋាភិបាលទាំងមូល ទៅកាន់អាស៊ីអាគ្នេយ៍”។លោកបន្តថា “សម្ព័ន្ធភាពដៃគូនានាលេចឡើងនៅក្នុងយុទ្ធសាស្ត្រនោះ រួមមានភាពជាដៃគូពហុភាគីជាមួយអាស៊ាន”។

ចក្ខុវិស័យសេរី និងបើកចំហរបស់យើងគឺជាចក្ខុវិស័យមួយ ដែលផ្អែកលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការ ការបញ្ចូលគ្នា និងគោលការណ៍មួយចំនួនទៀត។ នេះក៏ជាពន្លឺដឹកនាំសម្រាប់វិធី ដែលយើងដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។

លោកបានមានប្រសាសន៍ថា ក្រោមយុទ្ធសាស្ត្រនេះ ក្រសួងការពារជាតិអាមេរិកនឹងបន្តផ្តោតការយកចិត្តទុកដាក់ លើការបង្កើនការវិនិយោគ និងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាស៊ាន ក្នុងការពង្រឹងសមត្ថភាពតាមរយៈកម្មវិធីផ្សេងៗ ពីលើការបណ្តុះបណ្តាល និងសមយុទ្ធទ្វេភាគី និងពហុភាគី។

ក្នុងចំណោមនោះមានគំនិតផ្តួចផ្តើមសន្តិសុខ ដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាមូលនិធិ Section 333 ដែលផ្តោតលើការកសាងភាពជាដៃគូ ក្នុងការការពារសន្តិសុខដែនសមុទ្រ និងការយល់ដឹងអំពីដែនជាមួយបណ្តាប្រទេស ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមមានប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ថៃ ស្រីលង្កា និងបង់ក្លាដែស។

យោងតាមឯកសារយុទ្ធសាស្រ្តសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំមុន ចាប់តាំងពីការចាប់ផ្តើមរដ្ឋបាល Trump រដ្ឋាភិបាលអាមេរិក តាមរយៈគំនិតផ្តួចផ្តើមទាំងពីរបានផ្តល់ថវិកាជិត២៥០លានដុល្លារសម្រាប់សន្តិសុខដែនសមុទ្រ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីលើកកម្ពស់ការចែករំលែកព័ត៌មាន អន្តរប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការលើសមុទ្រពហុជាតិ។

លោកWerner មានប្រសាសន៍ថា តាមទស្សនៈរបស់ក្រសួងការពារជាតិយើងបានព្យាយាម ធ្វើឱ្យចក្ខុវិស័យយុទ្ធសាស្ត្រនេះ ក្លាយជាការពិតដោយផ្អែកលើសសរស្តម្ភចំនួន៣។

លោកបានបញ្ជាក់ថា “សសរស្តម្ភទាំង៣ ជាការត្រៀមលក្ខណៈដើម្បីឆ្លើយតបទៅនឹងវិបត្តិមួយ ដែលជំរុញសម្ព័ន្ធភាព និងភាពជាដៃគូ និងដើម្បីលើកកម្ពស់កម្លាំងនៅក្នុងសម្ព័ន្ធភាពនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here