ដោយៈសាវុធ
ភ្នំពេញៈ ការប្រើប្រាស់ប្រាក់រៀល គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស។
ក្នុងន័យសេដ្ឋកិច្ច ចរាចរប្រាក់រៀលកាន់តែច្រើន នឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជា នឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការគ្រប់គ្រងគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងផលិតកម្មនិងអត្រាអ្នកមានការងារ។
ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក បណ្តាលឲ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុផងដែរ។
លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខ ត្រូវបានប្រើប្រាស់ក្នុងទីផ្សារ តម្លៃប្រតិបត្តិការក្នុងការប្តូរ ប្រាក់នឹងត្រូវបានកាត់បន្ថយ៕