ប្រភព​ទម្លាយ​ថា ក្រុមហ៊ុន Alibaba គ្រោង​លក់​សញ្ញាប័ណ្ណ ៥ ពាន់​លាន​ដុល្លារ ខណៈ​ខ្លួន​ស្ថិតក្រោម​ការស៊ើបអង្កេត​ពី​ក្រុម​និយ័ត​ករ

ដោយសុខុម

ហុងកុង: សារព័ត៌មាន CNA បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី៦ ខែមករា ថា ក្រុមហ៊ុន Alibaba Group របស់​កំពូល​មហាសេដ្ឋី​ចិន Jack Ma មាន​គម្រោង​ប្រមូល​ទុន​ឱ្យបាន​យ៉ាងតិច ៥ ពាន់​លាន​ដុល្លារ​អាមេរិក តាមរយៈ​ការលក់​សញ្ញាប័ណ្ណ​នៅក្នុង​ខែ​នេះ ស្របពេល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​ក្រុម​និយ័ត​ករ​ចិន។ នេះ​បើ​យោងតាម​ការទម្លាយ​ការណ៍​សម្ងាត់​ពី​មនុស្ស ៤ នាក់​ដែល​ដឹង​ពី​រឿងនេះ។

ប៉ុន្តែ តើ​សញ្ញាប័ណ្ណ​ជា​អ្វី?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សញ្ញាប័ណ្ណ​គឺជា​ប្រភេទ​មូល​ប​ត្រ​បំណុល ដែល​តំណាងឱ្យ​កិច្ចសន្យា​ខ្ចីប្រាក់​រវាង​បុគ្គល​បោះផ្សាយ​មូល​ប​ត្រ​បំណុល (រូ​ម​មាន​សាជីវកម្ម សហគ្រាស​រដ្ឋ ឬ​រាជរដ្ឋាភិបាល) និង​វិនិយោគិន (ម្ចាស់​មូល​ប​ត្រ​បំណុល)។ តាមរយៈ​កិច្ចសន្យា​នេះ បុគ្គល​បោះផ្សាយ​មូល​ប​ត្រ​បំណុល​មាន​កាតព្វកិច្ច​បង់​ឱ្យ​វិនិយោគិន​នូវ​ទឹកប្រាក់​ជាក់លាក់​មួយ​ជា​ទៀងទាត់​ដែល​ហៅថា “គូ​ប៉ុង” ឬ “ការប្រាក់” (លើកលែង​សម្រាប់​សញ្ញាប័ណ្ណ​គ្មាន​ការប្រាក់) ព្រមទាំង​បង់ប្រាក់​ដើម នៅពេលដែល​សញ្ញាប័ណ្ណ​នោះ​ដល់​កាលកំណត់​សង​ដែល​ហៅថា “ឥណ​ប្រ​ទិទាន។ ជំនួស​ឱ្យ​ការខ្ចីប្រាក់​ពី​ធនាគារ ក្រុមហ៊ុន​ឬ​អង្គភាព​មួយ​អាច​បោះផ្សាយ​សញ្ញាប័ណ្ណ​ទៅឱ្យ​វិនិយោគិន​ដោយផ្ទាល់ នៅពេលដែល​ក្រុមហ៊ុន​នោះ​ត្រូវការ​សាច់ប្រាក់​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោងថ្មីៗ បន្ត​ប្រតិ​ប​ត្ដិ​ការ​ក្រុមហ៊ុន ឬ​ដើម្បី​ទូទាត់​បំណុល។

ម្នាក់​ក្នុងចំណោម​ជនអនាមិក​ទាំង ៤ នាក់​នោះបាន​និយាយថា ដោយ​ផ្អែកលើ​ការឆ្លើយតប​របស់​វិនិយោគិន ចំណូល​បាន​ពី​ការលក់​សញ្ញាប័ណ្ណ​នេះ​អាច​កើនឡើង​ដល់ ៨ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-commerce) មួយ​នេះ​ទំនងជា​នឹង​យកទៅ​ប្រើប្រាស់​ដើម្បី​ទប់​ការចំណាយ​ទូទៅ​របស់ខ្លួន។

អ្នកវិភាគ​មើលឃើញថា ការប្រមូល​ដើមទុន​នេះ​គឺជា​ការធ្វើ​តេស្ត​ទំនុកចិត្ត​របស់​វិនិយោគិន​ចំពោះ​ក្រុមហ៊ុន Alibaba ក្រោយពី​កំពូល​មហាសេដ្ឋី Jack Ma បានលើកឡើង​កាលពី​ខែតុលា ឆ្នាំ២០២០ អំពី​និយ័តកម្ម​រារាំង​នវានុវត្តន៍​ថ្មី​ដែល​បាន​ឈានទៅដល់​ការផ្អាក​ការចុះ​បញ្ជីចូល​ទីផ្សារ​ភាគហ៊ុន​តម្លៃ ៣៧ ពាន់​លាន​ដុល្លារ​អាមេរិក របស់​ក្រុមហ៊ុន Ant Group ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Alibaba។

ហើយ​ដោយសារ​កំពូល​ម​ហា​សេដ្ឋី Jack Ma បាន​បាត់​ដំណឹង​ឈឹង លែង​បង្ហាញ​មុខជា​សាធារណៈ​ដូច​សព្វដង​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ បណ្ដា​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​ងឿងឆ្ងល់​យ៉ាងខ្លាំង ហើយ​បានធ្វើការ​ប៉ាន់ស្មាន​យ៉ាង​ក្ដៅគគុក​ថា តើ​ពេលនេះ​លោក​កំពុង​សម្ងំ​លាក់ខ្លួន​នៅទីណា​ឱ្យ​ប្រាកដ។

ប្រភព​ខាងលើ​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ផែន​ការលក់​សញ្ញាប័ណ្ណ​ដែល​បានដាក់​បញ្ចូល​កាលបរិច្ឆេទ​ចាប់ផ្ដើម​នេះ​មិនទាន់​សម្រេច​ជា​ចុងក្រោយ​នៅឡើយ​ទេ ហើយ​អាច​នឹងមាន​ការកែប្រែ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន Alibaba បាន​បដិសេធ​មិន​ឆ្លើយបំភ្លឺ​ឡើយ​ជុំវិញ​បញ្ហា​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here