តំបន់​ខាងលិច​រាជធានី​នៅតែមាន​សក្ដានុពល​ក្នុងការ​ពុះ​ដី​ឡូ​ត៍​សម្រាប់​ភ្ញៀវ​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម

ដោយ ម៉ា​ណែ​ត

ភ្នំពេញ ៖ តំបន់​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ នៅតែ​ជា​តំបន់​ដែលមាន​សក្ដានុពល​ខ្ពស់​ក្នុងការ​ពុះ​ដី​ឡូ​ត៏​លក់​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ហើយ​ត្រូវ​បង់​រំលស់​ជាប្រចាំ​ខែ ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​ចំណូល​បាន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការ​កត់សម្គាល់ តំបន់​ភាគ​ខាងលិច ដូចជា​នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្ដាល សកម្មភាព​ពុះ​ដី​ឡូ​ត៏​ពី​សំណាក់​វិនិយោគិន​ក្នុងស្រុក​នៅតែមាន តែ​បាន​ថមថយ​បន្តិច​នៅពេល​កម្ពុជា​ជួប​វិបត្តិ​នឹង​កូ​វីដ១៩ តែ​ឆ្នាំ ២០២១នេះ សកម្មភាព​នេះ​ក៏​ត្រូវបាន​រំពឹងថា​អាច​ល្អ​ជាង​ឆ្នាំ ២០២០ ។

បើតាម​លោកជំទាវ​ឧកញ៉ា សុខ ស្រីអូន វិនិយោគិន​អចលនទ្រព្យ​មួយរូប បានឱ្យដឹងថា កត្តា​ដែល​ជំ​រុញឱ្យ​វិនិយោគិន​ងាក​ទៅ​តំបន់​ខាងលិច​រាជធានី​ភ្នំពេញ ដោយសារតែ តំបន់​នេះ មានការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ ហើយ​បណ្ដា​រោងចក្រ​ជាច្រើន​ក៏​គ្រោង​នឹង​ប្តូរ​ទី​តាំងពី​កណ្ដាល​រាជធានី ទៅកាន់​តំបន់​នោះដែរ ព្រោះ​វា​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទាំង​ទៅ​កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ និង​ទៅ តំបន់​ច្រកព្រំដែន នៃ​ប្រទេស​កម្ពុជា​ផងដែរ ។

លោកជំទាវ​ឧកញ៉ា បាន​បន្តថា​នៅពេល​អនាគត តម្រូវការ​លើ​លំនៅឋាន​តម្លៃ​សមរម្យ សម្រាប់​អ្នក​ចំណូល​ទាប និង​មធ្យម​ក៏ដូចជា​តម្រូវការ​ដី​សម្រាប់​សង់​លំនៅឋាន​ក្នុង​តំបន់​ភាគ​ខាង​លិ​ខ​នឹង​កើនឡើង​កាន់តែខ្លាំង​ដោយសារតែ​បងប្អូន​កម្មករ​កម្មការិនី ដែល​ផ្លាស់​ពី​ទីក្រុង​ទៅកាន់​តំបន់​នោះ ហើយ​ត្រូវការ​ដីធ្លី សម្រាប់​សង់​លំនៅឋាន ឬ​ផ្ទះ​ដែលមាន​តម្លៃ​សមរម្យ​ផងដែរ ។

លោកជំទាវ​បន្ថែមថា ការអភិវឌ្ឍ​ដី​ឡូ​ត៏ និង​ផ្ទះ​ដែលមាន​តម្លៃ​សមរម្យ​នៅ​តំបន់​ភាគ​ខាងលិច គឺជា​អ្វីដែល​វិនិយោគិន​ជាច្រើន​កំពុង​រៀបចំ​ធ្វើ​រួមទាំង​លោកជំទាវ​ផងដែរ បើទោះបីជា​កូ​វីដ១៩មិនទាន់​បានបញ្ចប់​ទាំងស្រុង​ក្ដី ។

អ្នកជំនាញ​អចលនទ្រព្យ​លោក​ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន  IQI CAMBODIA បាន​លើកឡើងថា ការ​ពុះ​ដី​ឡូ​ត៏​លក់​ជូន​ពលរដ្ឋ​ដែល​មិនមាន​លទ្ធភាព​ទិញ​ដីធំៗ គឺ​មិន​ត្រឹមតែ​សម្រួល​ដល់​ពលរដ្ឋ​ដែលជា​អតិថិ​ជ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​ជួយ​ដល់​ចំណូល​ជាតិ​តាមរយៈ​ការបង់ពន្ធ​ប្រថាប់ត្រា​នៅពេល​កាត់​ប្លង់​កម្មសិទ្ធិ​ជូន​អតិថិជន​ផងដែរ ។ ទាំងនេះ គឺជា​សកម្មភាព​ដ៏​ល្អ​មួយ​សម្រាប់​សង្គមជាតិ តែ​យ៉ាងណាក្ដី ពលរដ្ឋ​ក៏ត្រូវ​គិតគូរ​ថ្លឹងថ្លែង​មុននឹង​សម្រេចចិត្ត​ទិញ​គម្រោង​ដី​ឡូ​ត៏​ពី​ក្រុមហ៊ុន​ណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here