វិស័យអចលនទ្រព្យកម្ពុជានៅតែពឹងលើវិនិយោគិនបរទេស

ដោយ: លក្ខិណា

ភ្នំពេញ: បើទោះបីជាវិស័យអចលនទ្រព្យកម្ពុជាបានរីកលូតលាស់ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងទៅនេះ ក្ដី តែវិស័យនេះនៅតែពឹងផ្អែកលើវិនិយោគិនមកពីបរទេស ដើម្បីបណ្ដាក់ទុនដដែល ខណគម្រោងធំៗភាគច្រើនគឺជាគម្រោងវិនិយោគ ដែលកាន់កាប់ដោយវិនិយោគិនបរទេសមកពីចិន ជប៉ុន និងកូរ៉េ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ថា នៅក្នុងពេលកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩ កាលពីឆ្នាំ ២០២០ វិនិយោគិនបរទេសមិនអាចចូលមកស្វែងរកការវិនិយោគបាននៅក្នុងប្រទេសកម្ពុជានោះទេ ហើយបានធ្វើឱ្យ សកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាក៏បានធ្លាក់ចុះខ្លាំងតែម្ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ឆ្នាំ២០១៩ ជាឆ្នាំមួយល្អ វិនិយោគិនបរទេស និងក្នុងស្រុកបានបោះទុនក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យជាច្រើនទាំងក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្ត តែចូលដល់ឆ្នាំ ២០២០ ដោយសារតែជំងឺកូវីដ១៩ បានរារាំងដល់ការធ្វើដំណើររបស់វិនិយោគិន មកកម្ពុជា ដែលធ្វើឱ្យរារាំងដល់ការវិនិយោគមួយចំនួនផងដែរ។

លោកបន្ថែមថា ឆ្នាំ២០២១ អាចជាឆ្នាំល្អ ដោយសារតែពិភពលោកបានផលិតនូវវ៉ាក់សាំងសម្រាប់ការពារការឆ្លងនៃជំងឺកូវីដ១៩ ហើយក៏រំពឹងថាវិនិយោគិនបរទេសអាចចូលមកក្នុងប្រទេសកម្ពុជាបានវិញ ជាមួយនឹងគម្រោងវិនិយោគថ្មីៗរបស់ខ្លួន។

ជាការកត់សម្គាល់ គម្រោងវិនិយោគអចលនទ្រព្យធំៗនៅក្នុងប្រទេសកម្ពុជា មានភាគហ៊ុនមកពីបរទេស និងកាន់កាប់ដោយជនបរទេសផងដែរ ជាក់ស្ដែងគម្រោងអគារខ្ពស់ៗនៅតាមដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញគឺកំពុងកាន់កាប់ដោយវិនិយោគិនបរទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ នៅមានគម្រោងវិនិយោគអចលនទ្រព្យជាច្រើនទៀត ក៏ជាការវិនិយោគរបស់វិនិយោគិនបរទេសផងដែរ ដែលអាចបញ្ជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជានៅតែពឹងផ្អែកលើវិនិយោគិនបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here