ទីក្រុងឆ្លាតវៃដ៏ធំមួយ នឹងលេចរូបរាងនៅប៉ែកខាងកើតក្រុងសៀមរាប

ដោយ៖ ប៊ី

ភ្នំពេញ៖ ទីក្រុងរណបដ៏ធំមួយដែលត្រូវអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃនៅក្នុងខេត្តសៀមរាប នឹងលេចរូបរាងឡើងនៅក្នុងស្រុកសូទ្រនិគម ដែលស្ថិតប៉ែកខាងកើត និងមានចម្ងាយ៦០គីឡូម៉ែត្រពីក្រុងសៀមរាប។

គម្រោង “ទីក្រុងឆ្លាត” នេះ ដែលនឹងមានមជ្ឈមណ្ឌលផ្សារទំនើប និងអគារខ្ពស់ៗ ត្រូវបានរៀបចំឡើង ដើម្បីជួយអ្នកទេសចរទទួលបានបទពិសោធន៍ថ្មីៗ នៅក្បែរឧទ្យានជាតិភ្នំគូលែន ដែលជាដើមកំណើតនៃចក្រភពអង្គរ និងបឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។

ទីក្រុងនេះមានឈ្មោះថា ហ្គ្រេនសៀមរាប (Grand Siem Reap) គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលត្រូវបានគេស្គាល់ថា ជាផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥។ គម្រោង ដែលត្រូវបានផ្តួចផ្តើម មុនកូវីដ១៩ និងបានបញ្ចប់នៅខែតុលា មានគោលបំណងធ្វើវិមជ្ឈការតំបន់ទេសចរណ៍ និងធ្វើពិពិធកម្មសកម្មភាពដែលមានស្រាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងទេសចរណ៍លោកជុក ជំនោរ បានត្រូវបានដកស្រង់សម្តីពីសារព័ត៌មាន SCMP ដែលបានចុះផ្សាយកាលពីម្សិលមិញ ដោយលោកបានលើកឡើងថា “យើងកំពុងរៀបចំទីក្រុងថ្មី ដែលអនុញ្ញាតឱ្យមានអគារខ្ពស់ៗ ដែលមិនប៉ះពាល់ដល់តម្លៃបេតិកភណ្ឌនៅក្នុងខេត្ត”។

លោក David-Jaya Piot ប្រធានសមាគមសណ្ឋាគារនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “រដ្ឋាភិបាលដឹងថា ក្រុងសៀមរាបឥឡូវមិនគ្រប់គ្រាន់សម្រាប់វិស័យទេសចរណ៍ទេ។ ទីក្រុងនេះមិនមានទំហំគ្រប់គ្រាន់ទេ ពីព្រោះអង្គការយូណេស្កូ [មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក] នឹងមិនអនុញ្ញាតឱ្យមានការពង្រីកទីក្រុងនៅជិតនឹងប្រាសាទអង្គរទេ។ នោះហើយជាមូលហេតុ ដែលទីក្រុងសៀមរាបថ្មី ត្រូវតែបង្កើតឡើងនៅឆ្ងាយពីតំប់បេតិកភណ្ឌ”។

លោកបានបន្តថា “ព្រលានយន្តថ្មីក៏នឹងត្រៀមខ្លួន ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ហើយខេត្តសៀមរាបនឹងមានកើនតែមានភាពរីកចម្រើនខាងពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here