គិតត្រឹមខែតុលាឆ្នាំនេះ ចំនួនសហគ្រាសនៅកម្ពុជាបានហក់ឡើងដល់ជាង៤០,០០០

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ របាយការណ៍បានឲ្យដឹងថា សហគ្រាសនៅកម្ពុជាកើនឡើងជាង៤ម៉ឺន ខណៈវិស័យកាត់ដេរ បានកើនឡើងដល់១៨១០រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករ និយោជិតប្រមាណជាង២លានកន្លែង។

នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ុន មេសា បានគូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើ រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់ថា កំណើននៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រ សហគ្រាសថ្មីៗជាបន្តបន្ទាប់ ក្នុងនោះក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួនជិត២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន។

អ្នកនាំពាក្យរូបនេះបានបន្ដថា នៅកម្ពុជាមិនត្រឹមតែមានលក្ខ​ខណ្ឌការងារល្អប្រសើរនោះទេ ថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ ដែលជាកត្តាគួរផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។

លោកស៊ុន មេសា បានបន្ថែមថា យើងសង្កេតឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា បន្ថែមពីនេះ គឺការចូលរួមរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ផ្តល់នូវភាពបត់បែននូវឱកាសនៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករកម្មការិនីគ្រប់ពេល។

លោកបន្តថា យើងអាចនិយាយបានថា លក្ខខណ្ឌការងារល្អ កម្មករមានជំនាញ ស្ថិរភាពនយោបាយ និងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែប ដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា គិតត្រឹមខែតុលា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ចំនួន៥៧៩គម្រោង ជាមួយនឹងទុនវិនិយោគ៩,២ពាន់លានដុល្លារអាម៉េរិក ដែលនឹងផ្តល់ឱកាសការងារ៤០ម៉ឺនកន្លែងបន្ថែមទៀត ពីលើឱកាសការងារជាង៨,២ម៉ឺនកន្លែងដែលកម្ពុជាមានស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here