ដោយៈ សាវុធ
ភ្នំពេញៈ ឱនភាពថវិកា សំដៅទៅលើការចំណាយលើស ប្រាក់ចំណូលរបស់រដ្ឋ ដែលជាសូចនាករមួយនៃសុខភាពហិរញ្ញវត្ថុ។ នៅពេលរដ្ឋាភិបាលមានឱនភាពថវិកា វានឹងបង្កើតបានជាបំណុលជាតិផងដែរ។
រដ្ឋមានមធ្យោបាយជាច្រើន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា។ ប្រទេសមួយអាចខ្ចីប្រាក់ពីបរទេស (កម្ចីពីបរទេស) ឬក៏អាចស្វែងរកជំនួយពីបរទេស ឬប្រើមធ្យោបាយទាំងពីររួមគ្នា។
ដោយនិយាយតែអំពីសេដ្ឋកិច្ចក្នុងស្រុក ប្រទេសមួយអាចអនុវត្តយកនូវវិធានការមួយចំនួនដូចជា ទី១ បង្កើនពន្ធៈ ប្រទេសមួយអាចបង្កើន ចំណូលពន្ធដោយបង្កើនអត្រាពន្ធ ឬដាក់ចេញនូវបណ្តាប្រភេទពន្ធថ្មី។ ចំណូលដែលបានកើនឡើងអាចជួយកាត់បន្ថយ ឬលុបបំបាត់ឱនភាពថវិកាបាន។
ទី២ ខ្ចីប្រាក់ពីសាធារណៈជនៈ រដ្ឋអាចខ្ចីប្រាក់ពីបុគ្គល គ្រួសារ សាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត តាមរយៈការបោះផ្សាយមូល បត្ររដ្ឋាភិបាលលក់ឲ្យពួកគេទាំងនោះ។ មូលបត្របោះផ្សាយដោយរដ្ឋាភិបាល រួមមាន ប័ណ្ណរតនាគាររយៈពេលខ្លី (T-bill) ប័ណ្ណរតនាគាររយៈពេលមធ្យម (T-note) និងសញ្ញាប័ណ្ណរតនាគារ((T-bond)។
ទី៣ បោះពុម្ពប្រាក់ថ្មីបន្ថែមៈ ការបោះពុម្ពប្រាក់ថ្មីបន្ថែម នឹងបង្កើនការផ្គត់ផ្គង់ រូបិយវត្ថុ ដែលនាឲ្យអតិផរណាកើនឡើងផងដែរ។ ដូច្នេះមធ្យោបាយនេះមិនត្រូវ បានគេយកមកប្រើឡើយ លុះត្រាតែគ្មានមធ្យោបាយផ្សេងពីនេះក្នុងការផ្តល់ ហិរញ្ញប្បទានឱនភាព៕