ដោយៈ និស្ស័យ
អូក្លិនៈ សភាពាណិជ្ជកម្មកម្ពុជា បានបោះឆ្នោតជ្រើសរើសការិយាល័យសភាពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុង អូក្លិន ប្រទេស នូវ៉ែល ហ្សេឡង់ហើយ។
ការបោះឆ្នោតច្រើសរើស ប្រធានតំណាងការិយាល័យសភាពាណិជ្ជកម្ម និងការបង្កើតការិយាល័យតំណាងជាផ្លូវការនេះ កាលពីសប្តាហ៍មុននេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសនូវ៉ែលហ្សេឡង់ ក៏ដូចជាការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ជាលទ្ធផលនៃការបោះឆ្នោត លោកឃួយ ម៉ៃខល បានទទួលការគាំទ្រធ្វើជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់អាណត្តិទី១ លើកទី១។
ការិយាល័យតំណាងនៅទីក្រុងអូក្លិននេះ នឹងក្លាយជាច្រកទ្វារដ៏សំខាន់សម្រាប់ធុរកិច្ច នៅក្នុងប្រទេសទាំងពីរ ជាពិសេសសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងការទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់។
ការិយាល័យតំណាងថ្មីនេះ នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយទីភ្នាក់ងារពាណិជ្ជកម្ម និងសហគ្រាសនូវ៉ែលហ្សេឡង់សភាពាណិជ្ជកម្មនូវ៉ែល ហ្សេឡង់ សហគមន៍ធុរកិច្ចនៅទីក្រុងអូក្លិន ដើម្បី ជំរុញសេដ្ឋកិច្ច និងផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសទាំងពីរ៕









