ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា- ចិនឯកភាពគ្នានឹងខិតខំពន្លឿនការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ព្រមទាំងនីតិវិធីចាំបាច់មួយចំនួន ដើម្បីសម្រួលឱ្យកសិផលខ្មែរបន្ថែមទៀត អាចចូលទៅដល់ទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី “លទ្ធផលនៃការចូលរួមសន្និសីទលើកទី២ ស្តីពី “យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ” ដែលបានប្រព្រឹត្តិទៅនៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទីកាលពីសប្តាហ៍មុន។
នៅក្នុងឱកាសនៃការចូលរួមក្នុងសន្និសីទខាងលើ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានឆ្លៀតពេលជួបពិភាក្សាជាមួយលោកស្រី SUN Meijun រដ្ឋមន្ត្រីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន(GACC) និងជំនួបមួយទៀតជាមួយនឹងលោក ZHAO Zenglian អនុរដ្ឋមន្ត្រីGACC។
គោលបំណងនៃជំនួបទាំង២ខាងលើ គឺដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនាម័យ និងភូតគាមអនាម័យ(SPS)រវាងកម្ពុជា-ចិន សំដៅពន្លឿនការបើកទីផ្សារចិនដល់ផលិតផលកសិផលកម្ពុជាបន្ថែមទៀត ក៏ដូចជា ការសម្រួលនីតិវិធីនាំចេញទៅប្រទេសចិនស្របតាមការទន្ទឹងរង់ចាំរបស់កសិករ និងវិស័យឯកជនកម្ពុជា។
តាមរយៈកិច្ចប្រជុំខាងលើភាគីទាំង ២ បានឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន ៣ រួមមាន ការពន្លឿនការរៀបចំពិធីសារអនាម័យនិងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរមួយចំនួនបន្ថែមទៀត ដូចជា អង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសម្អាត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន, ការរៀបចំក្របខ័ណ្ឌក្រុមការងាររួមដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងស្ថាប័ននៃប្រទេសទាំង ២ សំដៅដោះស្រាយបញ្ហារាំងស្ទះកើតឡើងជាយថាហេតុឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព, និងជំរុញនីតិវិធីចុះបញ្ជីជាមួយ GACC ដើម្បីផ្តល់ភាពងាយស្រួលឱ្យកសិផលពីកសិដ្ឋានខ្នាតតូចអាចមានលទ្ធភាពចូលទៅកាន់ទីផ្សារប្រទេសចិនក្នុងលក្ខខណ្ឌដែលកសិដ្ឋានទាំងនោះមានការអនុវត្តកសិកម្មល្អ(GAP)។
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក ឌិត ទីណា បានចាត់ទុកលទ្ធផលនៃជំនួបនេះគឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យកសិករ និងផ្នែកឯកជនពាក់ព័ន្ធនៅកម្ពុជា បន្តការអនុវត្តកសិកម្មល្អ(GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូនសំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាមនីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្តានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា។
លោកបានថ្លែងថា៖«ក្រសួងសូមថ្លែងអំណរគុណដល់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនចំពោះការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អក្នុងការជំរុញអនុវត្តនីតិវិធីពាក់ព័ន្ធ ដើម្បីបង្កើនឱកាសនាំចេញសម្រាប់កសិផល របស់កម្ពុជាក្នុងពេលកន្លងមកនេះ»។
កសិផលកម្ពុជា ដែលកំពុងទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅប្រទេសចិន មានដូចជា អង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច ផ្លែទុរេនស្រស់។
ទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២៥ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ១៤,២១ ពាន់លានដុល្លារ កើនឡើង ២៧,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ទំនិញដែលកម្ពុជានាំទៅចិន មានប្រមាណ ១,១៨ ពាន់លានដុល្លារ ថយចុះ ៧,៧% ចំណែកទំនិញចិននាំមកវិញ ១៣,០៣ ពាន់លានដុល្លារ កើនឡើង ៣២%។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា៕











