សញ្ញា​វិជ្ជមាន៖តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ​នឹង​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់គំរោង​អភិវឌ្ឍន៍​លំនៅឋាន

ដោយៈ​លក្ខិណា

ភ្នំពេញៈ តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ កំពុង​បង្ហាញ​សក្ដានុពល​បន្ថែមទៀត​សម្រាប់​ទាក់ទាញ​វិនិយោគិន ក្នុងការ​អភិវឌ្ឍ​លំនៅឋាន នៅពេល​អនាគតឆាប់ៗខាងមុខនេះ ក្នុងពេល​តម្រូវការ​លំ​នៅ​ឋាន​ត្រូវបាន​ព្យាករណ៍​ថា នឹងមាន​កំណើន​ថែមទៀត​នៅពេល​ចប់​វិបត្តិ​កូ​វីដ១៩ ។

លោក​គឹម វិចិត្រ  នាយក​ក្រុមហ៊ុន Great CamAsia បានឱ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា តំបន់​ភាគខាងត្បូង​បាន និង​កំពុង​ទាក់ទាញ​ក្នុងការ​អភិវឌ្ឍ​លំនៅឋាន ដ៏​មាន​សក្ដានុពល ដោយសារតែ​កត្តាសំខាន់ៗមួយចំនួន ដូចជា​ការអភិវឌ្ឍ​ផ្លូវ​ក្រវ៉ាត់​ក្រុង ការអភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន៣ ដែលជា​ផ្សារ​ទំនើប​ធំជាងគេ​នៅ​កម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “នៅមាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ វិនិយោគិន​នឹង​ចាប់ផ្ដើម​បោះទុន​វិនិយោគ​លើ​គម្រោងផ្សេងៗ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន សម្រាប់​ស្នាក់នៅ​ផង និង​សម្រាប់​វិនិយោគ​រកប្រាក់​ចំណេញ​ផងដែរ” ។

ជាមួយគ្នានេះ លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា នៅ​តំបន់​ណា​ដែលមាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ តំបន់​នោះ នឹង​ទទួលបាន​ការវិនិយោគ​ជា​បន្តបន្ទាប់ ពី​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស ។លោក​បន្តថា នៅពេល​មាន​ផ្លូវ មាន​ភ្លើង មានទឹក​គ្រប់គ្រាន់ នឹង​សម្រួល​ដល់​ការរស់នៅ ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ពី​តំបន់​មួយ ទៅ​តំបន់​មួយទៀត និង​ប្រើពេល​ខ្លី តែ​បើសិនជា​ការធ្វើដំណើ​រ​ពិបាក នោះ​នឹង​មិនអាច​ទាក់ទាញ​ពលរដ្ឋ ទៅ​រស់នៅ​តំបន់​នោះបាន​ឡើយ។

លោក​បន្តថា “ដោយសារតែ​កត្តា​នេះហើយ ទើប​រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ពង្រីក​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ ទាំង​ក្នុង​តំបន់​និង​ពី​ភ្នំពេញ ទៅកាន់​បណ្ដា​ខេត្ត​នានា​ផងដែរ ជាក់ស្ដែង​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​បាន និង​កំពុងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន” ។

ជាមួយគ្នានេះ លោក​ឌិ​ត ច​ណ្ណា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី​រៀល​ធី​ក៏បាន​ឱ្យដឹង​ផងដែរ​ថា តម្រូវការ​លំនៅឋាន​នៅពេល​ចប់​កូ​វីដ១៩ នឹងមាន​កំណើន​កាន់​ច្រើន ដូច្នេះ​វិនិយោគិន​នឹង​ចាប់ផ្ដើម​សម្លឹងមើល​តំបន់​ណា ដែលមាន​សក្ដា​នុ​ល​សម្រាប់​ការអភិវឌ្ឍ​គម្រោង​របស់ខ្លួន ។

លោក​បន្តថា “សម្រាប់​លំនៅឋាន​ជា​ប្រភេទ​ផ្ទះ​ជាប់​ដី នឹងត្រូវ​អភិវឌ្ឍន៍​នៅតាម​ជាយ​រាជធានី ហើយ​លំនៅឋាន​ប្រភេទ​ខុន​ដូ សហកម្មសិទ្ធិ​នឹងត្រូវ​អភិវឌ្ឍន៍​នៅ​តំបន់​កណ្ដាល​ក្រុង ឬ​តំបន់​ដែលមាន​ដី​ថ្លៃ ព្រោះ​គេ​អាច​អភិវឌ្ឍន៍​រកប្រាក់​ចំណេញ​បាន​ខ្ពស់ ដោយសារតែ​ការចំណាយ​ខ្ពស់​ក្នុង​ការទិញ​ដី​សាងសង់​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here