គម្រោងសួនឧស្សាហកម្មដ៏ធំមួយនៅក្រុងយុំាងហ្គោនកំពុងបង្ហាញភាពទាក់ទាញដល់ក្រុមវិនិយោគិន

ដោយ: សុខុម

យុំាងហ្គោន: រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ចុះបឋមសិលាសាងសង់គម្រោងសួនឧស្សាហកម្ម Yangon Amata Smart and Eco City ក្នុងទំហំទឹកប្រាក់វិនិយោគ២៧៤លានដុល្លារកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។ គម្រោងនេះនឹងសាងសង់រួមគ្នា ដោយមន្ទីរអភិវឌ្ឍន៍ក្រុង និងលំនៅដ្ឋានមីយ៉ាន់ម៉ា និងក្រុមហ៊ុនថៃ Amata Corporation PLC ក្រោមការត្រួតពិនិត្យដោយរដ្ឋបាលក្រុងយុំាហ្គោន។

យោងតាមកាសែត Myanmar Times ចុះផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឱ្យដឹងថា សួនឧស្សាហកម្មនេះនឹងត្រូវសាងសង់លើផ្ទៃដីរហូតដល់៨១០ហិកតា ក្បែរផ្លូវហាយវ៉េលេខ២ ជិតភូមិ Lay Htaunt Kan។ គម្រោងនេះនឹងត្រូវអភិវឌ្ឍជា៥ដំណាក់កាល ក្នុងរយៈពេល៥ឆ្នាំ ដើម្បីទទួលបានការលើកលែងពន្ធ ក្រោមច្បាប់ស្ដីពីការវិនិយោគរបស់មីយ៉ាន់ម៉ា។ គេរំពឹងថា សួនឧស្សាហកម្មនេះនឹងផ្ដល់ការងារដល់ពលរដ្ឋចំនួន៣៥.៩១២កន្លែង នៅពេលសាងសង់រួចរាល់ជាស្ថាពរ។

កាសែតដដែលបានលើកឡើងថា ក្រុមហ៊ុនថៃចំនួន៤ រួមមានទាំងក្រុមហ៊ុនប្រេងឥន្ធនៈ PTTEP នឹងសាងសង់រោងចក្រអគ្គិសនីមួយ ដើម្បីផ្គត់ផ្គង់ថាមពលដល់គម្រោងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ទីរអភិវឌ្ឍន៍ក្រុង និងលំនៅដ្ឋាននឹងកាន់កាប់ភាគហ៊ុន២០% នៅក្នុងសួនឧស្សាហកម្ម ដែលចុះបញ្ជីនៅក្រុងហុងកុងនេះ ចំណែកឯក្រុមហ៊ុន Amata Corporation PLC កាន់កាប់ភាគហ៊ុន៨០%។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មីយ៉ាន់ម៉ា ឱ្យដឹងថា កិច្ចសន្យាជួលដីសាងសង់សួនឧស្សាហកម្មនេះត្រូវបានកិច្ចហត្ថលេខាកាលពីថ្ងៃទី២៤ ខែមករា។

គម្រោងនេះត្រូវបានបញ្ចុះបឋមសិលាមិនយូរប៉ុន្មាន ក្រោយពីដំណើរការអភិវឌ្ឍសួនឧស្សាហកម្ម Korea-Myanmar Industrial Complex ហៅកាត់ថា KMIC នៅ Hlengu ក្រុងយ៉ង់ហ្គូន បានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

សួនឧស្សាហកម្ម ដែលគាំទ្រដោយកូរ៉េ នឹងកាន់កាប់រួមគ្នា ដោយក្រសួងរៀបចំដេនដី នគរូបនីយកម្ម និងសំណង់មីយ៉ាន់ម៉ា និងក្រុមហ៊ុន Korea Land and Housing Corporation ព្រមទាំងក្រុមហ៊ុន Global SAE-A Ltd របស់កូរ៉េ លើផ្ទៃដី២២៦ហិកតានៅ Nyaung-nhit-pin នៃក្រុងតូច Hlegu។ ប្លង់ដីនៅក្នុងសួនឧស្សាហកម្ម KMIC នឹងអាចរកជួលបានតាមប្រព័ន្ធអនឡាញក្នុងអត្រាចន្លោះពី៦៩ដុល្លារ ទៅ៧៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដោយចាប់ផ្ដើមពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

សួនឧស្សាហកម្មទាំង២នេះ នឹងផ្ដល់ឱ្យបណ្ដាវិនិយោគិននូវជម្រើសច្រើនជាងមុន ក្នុងការបើករោងចក្រផលិតក្នុងប្រទេសមីយ៉ាន់ម៉ា ព្រោះសួនឧស្សាហកម្មទាំងនេះនឹងបំពាក់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជាផ្លូវថ្នល់ និងរោងចក្រផលិតអគ្គិសនី ព្រមទាំងផ្ដល់គ្រឿងលើកទឹកចិត្ត ដូចជាការលើកលែងពន្ធជាដើម។ បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា មានសួនឧស្សាហកម្មបែបនេះតែមួយប៉ុណ្ណោះ គឺតំបន់សេដ្ឋកិច្ចពិសេស Thilawa Special Economic Zone នៅ Thanlyin ក្រុងយ៉ង់ហ្គូន ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here