ក្រុម​និយ័ត​ករ​ហិរញ្ញវត្ថុ​ចិន​ជំ​រុញឱ្យ​ក្រុមហ៊ុន Ant Group បុត្រ​សម្ព័ន្ធ​របស់ Alibaba Group កែតម្រូវ​ជាបន្ទាន់

ដោយៈ​សុខុម

ប៉េកាំង:  និយ័ត​ករ​ហិរញ្ញវត្ថុ (Financial Regulator) របស់​ចិន​កាលពី​ថ្ងៃអាទិត្យ ទី២៧ ធ្នូ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន Ant Group ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Alibaba Group បង្ហាញ​ផែនការ​ជាក់លាក់ និង​ធ្វើការ​កែតម្រូវ​ជាបន្ទាន់ ដើម្បី​បំពេញបាន​តាម​លក្ខខណ្ឌ​ទាមទារ​របស់​ក្រុម​និយ័ត​ករ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្ដាល​ចិន គណៈកម្មការ​គ្រប់គ្រង​ធនាគារ និង​ធានារ៉ាប់រង​ចិន (China Banking and Insurance Regulatory Commission) គណៈកម្មការ​គ្រប់គ្រង​មូល​ប​ត្រ​ចិន (China Securities Regulatory Commission)  និង​រដ្ឋបាល​គ្រប់គ្រង​អត្រា​ប្ដូរប្រាក់​បរទេស (State Administration of Foreign Exchange) បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ខាងលើនេះ ធ្វើការ​កែតម្រូវ​សកម្មភាព​ខុសច្បាប់​រប​ស់​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ ដែល​រួមមាន​នៅក្នុង​ឥណទាន ការធានារ៉ាប់រង និង​អាជីវកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់ខ្លួន និង​ឱ្យ​ក្រុមហ៊ុន​នេះ គ្រប់គ្រង​អាជីវកម្ម​វាយតម្លៃ​ឥណទាន​របស់ខ្លួន ឱ្យបាន​ល្អប្រសើរ ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អតិថិជន។

នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក Pan Gongsheng ទេសាភិបាលរង​នៃ​ធនាគារ​ប្រជាជន​ចិន (People’s Bank of China) ដែលជា​ធនាគារកណ្ដាល មួយថ្ងៃ​ក្រោយពី​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ខាងលើ។

ជាការ​ឆ្លើយតប ក្រុមហ៊ុន Ant Group បានចេញ​សេចក្ដីថ្លែងការណ៍​ថា ខ្លួន​នឹង​បង្កើត​ក្រុមការងារ “ធ្វើការ​កែតម្រូវ” ហើយនឹង​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​របស់​ក្រុម​និយ័ត​ករ​ឱ្យបាន​ពេញលេញ។

កាសែត Economic Daily ដែលមាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល បានលើកឡើង​ក្នុង​បទ​វិចារណកថា​មួយ​ថា ក្រុមហ៊ុន​Ant Group គួរតែ​បម្រើ​សេចក្ដីត្រូវការ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដោយមាន​ទំនួល​ខុសត្រូវ​ឱ្យ​ផ្នែក​សង្គម។

ក្រុម​និយ័ត​ករ​ហិរញ្ញវត្ថុ​ចិន​កាលពី​ខែ​មុន បាន​បញ្ជា​ឱ្យ​ផ្អាកភ្លាមៗនូវ​ការបោះ​ផ្សាយ​មូល​ប​ត្រ​លើកដំបូង​ជា​សាធារណៈ (Initial Public Offering) ហៅ​កាត់​ថា IPO តម្លៃ ៣៧ ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Ant Group នៅ ២ ថ្ងៃមុន​ពេល​មូល​ប​ត្រ​របស់ខ្លួន​ដល់ពេល​ចាប់ផ្ដើម​ធ្វើការ​ជួញដូរ​នៅ​ក្រុង​សៀង​ហៃ និង​ហុងកុង។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ធ្នូ អាជ្ញាធរ​ចិន និយាយថា ខ្លួន​បាន​បើក​ការស៊ើបអង្កេត​បទ​រំលោភ​សេចក្ដីទុកចិត្ត លើ​ក្រុមហ៊ុនមេ Alibaba Group ហើយ​ថា នឹង​កោះហៅ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Ant Group ដែល​នេះ​ជាការ​វាយប្រហារ​យ៉ាងដំណំ លើកចុងក្រោយ​មកលើ​អាណាចក្រ​អាជីវកម្ម​តាម​អន​ឡាញ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ របស់​កំពូល​មហាសេដ្ឋី​ចិន​លោក Jack Ma ។

លោក Pan Gongsheng បាន​គូសបញ្ជាក់ថា ការទាមទារថ្មីៗទាំងនេះ​ក៏​រួ​មាន​ផងដែរ​នូវ​ការទាមទារ​ឱ្យ​ក្រុមហ៊ុន Ant Group មាន​តម្លាភាព​ជាង​មុន​ទាក់ទិន ការធ្វើ​ប្រតិបត្តិការ​របស់​តតិយជន (ភាគី​ទី៣) និង​មិនត្រូវ​ធ្វើការ​ប្រកួតប្រជែង ក្នុង​រូបភាព​ត្រឹមត្រូវ​ឡើយ ហើយ​ត្រូវតែ​គោរព​ច្បាប់​ឱ្យបាន​ល្អ ដើម្បី​ធានាបាន​នូវ​ភាព​គ្រប់គ្រាន់​នៃ​ដើមទុន (capital adequacy)៕

LEAVE A REPLY

Please enter your comment!
Please enter your name here