ដោយៈ សាវុធ
ភ្នំពេញៈ ច្បាប់ស្តីពីការងារ គឺជាក្របខណ្ឌគតិយុត្តដ៏សំខាន់ ក្នុងការលើកកម្ពស់សិទ្ធិការងារ និងភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលត្រូវបានប្រកាសឱ្យប្រើចាប់តាំងពីឆ្នាំ១៩៩៧ មក។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មចំនួន២លើករួចមកហើយ ដោយក្នុងនោះការធ្វើវិសោធនកម្មលើកទី១ ក្នុងឆ្នាំ២០០៧ គឺពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលបន្ថែម និងការងារពេលយប់ ខណៈដែលការធ្វើវិសោនធកម្មលើកទី២ ក្នុងឆ្នាំ២០១៨ ពាក់ព័ន្ធនឹងប្រាក់បំណាច់អតីតភាពការងារ។
ស្របតាមវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ឆ្នាំ២០១៩ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងរហ័សផ្នែកសង្គម សេដ្ឋកិច្ច ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈបានរៀបចំ “សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការងារ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ” ។
សេចក្តីព្រាងច្បាប់ ដែលបានធ្វើវិសោធនកម្មលើកទី៣នេះ ដែលជាលទ្ធផលនៃការពិភាក្សា និងការផ្តល់ធាតុចូលពីភាគីពាក់ព័ន្ធ រួមទាំងសហជីពតំណាងកម្មករ និយោជិត សមាគមនិយោជក និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។
ជារួមសេចក្តីព្រាងនេះ មានគោលបំណងរៀបចំឱ្យច្បាប់ស្តីពី ការងាររបស់កម្ពុជាឱ្យមានលក្ខណៈត្រដំត្រសងជាមួយប្រទេសក្នុងតំបន់ សំដៅកែលម្អបរិយាកាសវិនិយោគ ដោយផ្តោតសំខាន់លើការ ទី១ កែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងារ ដើម្បីបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជារោងចក្រ ផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងការកែច្នៃម្ហូបអាហារជាដើម និងបង្កើនការងារជូនប្រជាពលរដ្ឋ។
ទី២ ពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទការងារបុគ្គល សំដៅពង្រឹង ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារឱ្យកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ទី៣ ការគិតគូរទិដ្ឋភាពផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម -សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងតំបន់ និងសកលលោកជាដើម៕