តម្លៃផ្ទះជួលនៅទីក្រុងឡុងដ៍ធ្លាក់ចុះជាលើកដំបូងកាលពីខែកក្កដា ក្រោយខកខានចាប់តាំងពីឆ្នាំ២០២១

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះជួលនៅទីក្រុងឡុងដ៍ក្នុងប្រទេសអង់គ្លេសបានធ្លាក់ចុះកាលពីខែកក្កដាជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១។ នេះជាសញ្ញាមួយបង្ហាញថា ស្ថានភាពនៃវិបត្តិថ្លៃចំណាយខ្ពស់លើការរស់នៅក្នុងរាជធានីមួយនេះកំពុងចាប់ផ្តើមមានការធូរស្រាល។

តួយ៉ាង តម្លៃផ្ទះជួលជាមធ្យមនៅទីក្រុងឡុងដ៍បានធ្លាក់ចុះ០,១ភាគរយមកនៅត្រឹម២.២៥០ផោន (ប្រមាណ៣.០២៧ដុល្លារអាមេរិក) ក្នុងមួយខែកាលពីខែកក្កដា ឆ្នាំ២០២៥។ នេះជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មានគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។

គិតមកទល់ពេលនេះ តម្លៃផ្ទះជួលនៅទីក្រុងឡុងដ៍ ដែលមានប្រជាជនរស់នៅចំនួន៩លាននាក់ មានទំហំទឹកប្រាក់ទាបជាងកម្រិតកាលពីមួយខែមុន ក្នុងរង្វង់២ផោន។ ទីផ្សារលំនៅដ្ឋានក្នុងរាជធានីឡុងដ៍របស់អង់គ្លេសជាទីផ្សារ ដែលមានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ការផ្គត់ផ្គង់ផ្ទះជួលក្នុងទីក្រុងឡុងដ៍កំពុងកើនឡើង ខណៈចំនួនអ្នកជួលកំពុងកើនឡើងដោយសន្សឹមៗ។ ក្នុងចំណោមសង្កាត់ទាំង៣២ របស់រាជធានីមួយនេះ គេសង្កេតឃើញថា តម្លៃផ្ទះជួលក្នុងសង្កាត់ Brent បានធ្លាក់ចុះខ្លាំងជាងគេក្នុងរង្វង់១,៣ភាគរយ។

អត្រាអតិផរណានៃតម្លៃផ្ទះជួលប្រចាំឆ្នាំនៅទីក្រុងឡុងដ៍បានថយចុះមកនៅត្រឹម៦,៣ភាគរយកាលពីខែកក្កដា។ អត្រានេះជាកម្រិតតួលេខទាបបំផុតក្នុងរយៈពេលជាង២ឆ្នាំ។ ការ​ថយចុះនូវអត្រា​អតិផរណាបានជួយដល់​រដ្ឋាភិបាល​អង់គ្លេស ​ដែល​បានប្តេជ្ញា​​លើក​កម្ពស់​កម្រិត​ជីវភាពរស់នៅរបស់ពលរដ្ឋ៕ប្រភព: Bloomberg ៕

LEAVE A REPLY

Please enter your comment!
Please enter your name here