(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង ស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន ជីប ម៉ុង នឹងរួមចំណែកជួយគាំទ្រ SMEs ឱ្យកាន់តែរឹងមាំ តាមរយៈការផ្តល់ទុន និងគំនិតអាជីវកម្ម ដែលកត្តាទាំងនេះហើយដែលធ្វើឲ្យ SMEs តែងតែបន្ដឆ្ពោះដំណើរការទៅមុខជាបន្ដបន្ទាប់។
អ្នកឧកញ៉ា លាង ម៉េង បានថ្លែងឲ្យដឹងថា ជាការពិតយើងបច្ចុប្បន្ននេះជាក្រុមហ៊ុនធំ ក្នុងនាមជាក្រុមហ៊ុនធំពិតណាស់ យើងពិតជាចង់ជួយដល់ក្រុមហ៊ុនតូចៗ ដើម្បីឲ្យដើរទៅមុខបានល្អប្រសើរទាំងអស់គ្នា។ ឥឡូវនេះយើងបានរួមគ្នាក្នុងការជួយដល់ SMEs ក្នុងការរៀបចំកម្មវិធីមួយជាមួយសហគ្រិនខ្មែរ, សហគ្រិនធុនមធ្យម និងតូច ដោយនឹងជួបជុំគ្នាក្នុងការចែករំលែកនូវកិច្ចការងារផ្សេងៗ ជូនដល់គ្នាទៅវិញទៅមក។
អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថា ការជួបជុំគ្នានេះ គឺដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការងារអាជីវកម្មរបស់សហគ្រិន ដើម្បីឲ្យពួកគាត់ដើរឆ្ពោះទៅមុខដោយជោគជ័យព្រោះថា ការផ្ដល់កម្ចីដល់អតិថិជន គឺដើម្បីសម្រេចនូវគោលដៅធំ ដែលពួកគេចង់បាន។ ដូច្នេះក្រុមហ៊ុនខ្មែរប៊ែរវើរីជីស នឹងចូលរួមគាំទ្រដល់សហគ្រិនក្នុងការចង្អុលបង្ហាញគោលដៅ ដល់ពួកគាត់ថាសម្រេច ដើរបែបណាទើបទទួលបានលទ្ធផលល្អប្រសើរ៕










