ប្រទេស​មី​យ៉ាន់​ម៉ា​នឹងដាក់​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី Lailenpi នៅឆ្នាំ២០២១ខាងមុខនេះ

ដោយៈ​សុខុម

មី​យ៉ាន់​ម៉ាៈ ប្រទេស​មី​យ៉ាន់​ម៉ា នឹង​បើក​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី Lailenpi Airport ដែលជា​អាកាសយានដ្ឋាន​ទី២ ប្រចាំ​រដ្ឋ​ឈី​ន (Chin) ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​រំពឹងថា នឹង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ២០២១ ខណៈ​ការងារ​សាងសង់​បញ្ចប់​បាន​ប្រមាណ៨០% ។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​រដ្ឋ​ឈី​ន។

យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត Myanmar Times កាលពី​ថ្ងៃទី២៥ ធ្នូ​បាន​ឲ្យ​ដឹងថា លោក Salai Lian Luaiin អភិបាលរដ្ឋ​ឈី​ន បានលើកឡើង​កាលពី​ខែឧសភា​ថា នៅពេល​សាងសង់​រួចរាល់​ជា​ស្ថាពរ អាកាសយានដ្ឋាន​នេះ នឹងមាន​សមត្ថភាព​អាច​ទទួល​យន្តហោះ​ធុន​តូច ដែល​ដឹក​អ្នកដំណើរ​ត្រឹម២០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ថ្លែងថា “Lailenpi ជា​អាកាសយានដ្ឋាន​ទី២ ប្រចាំ​រដ្ឋ​ឈី​ន។ យើង​បាន​សាងសង់​អាកាសយានដ្ឋាន​នេះ​ជាមួយ​ជំនួយ​បរទេស។ គោលបំណង​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅមក​រវាង​រដ្ឋ​ឈី​ន និង​ក្រុង​យ៉ង់​ហ្គូ​ន សម្រាប់​បំពេញមុខ​ជំនួញ ទេសចរ​កម្សាន្ត ឬ​ក្នុងករណី​មាន​អាសន្ន​បន្ទាន់” ។

បច្ចុប្បន្ន​ការធ្វើដំណើរ​ទៅមក​រវាង​រដ្ឋ​ឈី​ន និង​ក្រុង​យ៉ង់​ហ្គូ​ន​តាម​ផ្លូវគោក ត្រូវ​ចំណាយពេល​រហូត​ដល់​ទៅ៣ថ្ងៃ​ឯណោះ ហើយ​បើ​អាកាសយានដ្ឋាន​នេះ​ដំណើរការ វា​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន​ច្រើន។

អាកាសយានដ្ឋាន​នេះ កំពុងស្ថិត​ក្រោម​ដំណើរការ​សាងសង់ ជាមួយ​ជំនួយ​បរទេស២លាន​ដុល្លារ ពី​អង្គការ​គ្រី​ស្ទៀ​ន​អន្តរជាតិ Mission Aviation Fellowship MIF ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស។

ក្រុង Lailenpi ស្ថិតនៅ​តំបន់​ភាគខាងត្បូង​នៃ​រដ្ឋ​ឈី​ន ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា-ឥណ្ឌា។ ព្រឹទ្ធាចារ្យ​ម្នាក់​ឈ្មោះ U Hla Shwe ដែល​រស់នៅក្នុង​ទីក្រុង​ខាងលើនេះ​និយាយថា នៅពេល​អាកាសយានដ្ឋាន​នេះ សាងសង់​ចប់​ជា​ស្ថាពរ វា​ក៏​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​ផងដែរ។

យោងតាម​អាកាសចរណ៍​ស៊ីវិល​ឱ្យដឹងថា រដ្ឋ​ឈី​ន គឺជា​រដ្ឋ​ក្រី​ក្រី ដែល​ទទួលបាន​ការអភិវឌ្ឍ​ន៍​តិច​បំផុត នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ប៉ុន្តែ​ការសាងសង់​បញ្ចប់​ជា​ស្ថាពរ​នូវ​អាកាសយានដ្ឋាន​ថ្មី​នេះ នឹងធ្វើ​លើកកម្ពស់​វិស័យ​ទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here