ដោយៈ ម៉ាល័យ
ម៉ាឡេស៊ីៈ ថ្នាក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមសន្និសីទ សហគ្រិនវ័យក្មេងរបស់ACCCIM លើទី១៤ ឆ្នាំ២០២៥ ក្រោមមូលបទ ចក្ខុវិស័យយុវជនពិភពលោក ផ្តើមពីអាស៊ាន រីកសាយទូទាំងពិភពលោក និងកិច្ចសន្ទនាសហគ្រិនវ័យក្មេងរវាង អាស៊ាន និង ប្រទេសដៃគូ។
លោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម សន្និសីទនេះ ដែលសន្និសីទនេះ មានការចូលរួមពីលោកYB Steven Sim Chee Keong រដ្ឋមន្ត្រីធនធានមនុស្ស ម៉ាឡេស៊ី។
កម្មវិធីនេះ រៀបចំដោយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី (ACCCIM) និងមានការចូលរួមពីធុរជនពីប្រទេសអាស៊ាន ចិន ជប៉ុន សរុបប្រមាណ២០០នាក់។
សន្និសីទ និងកិច្ចសន្ទនានេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ពង្រីកទំនាក់ទំនងល្អ រវាងធុរជនវ័យក្មេងនៅម៉ាឡេស៊ី និងប្រទេសអាស៊ានផ្សេង ព្រមទាំងចិន និងជប៉ុន ដើម្បីពិនិត្យកាលានុវត្តភាព និងស្វែងរកដៃគូធុរកិច្ច និងសហប្រតិបត្តិការរួមគ្នា។
ក្នុងឱកាសនៃសន្និសីទនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានចុះអនុស្សារណៈនៃការយោគយល់ ជាមួយគណៈកម្មាធិការសហគ្រិនវ័យក្មេង នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡេស៊ីផងដែរ៕









