ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិនចាស់ៗនៅទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមបានហក់ឡើងចន្លោះពី១៥ភាគរយទៅ២០ភាគរយ បន្ទាប់ពីរដ្ឋាភិបាលវៀតណាមបានដោះស្រាយឧបសគ្គផ្លូវច្បាប់ ដោយអនុញ្ញាតឱ្យមានការចេញបណ្ណកម្មសិទ្ធិទៅឱ្យអ្នកទិញ។
តម្លៃអាផាតមុិននៅតំបន់ Saigon Royal ស្ថិតក្នុងសង្កាត់លេខ៤ នៃទីក្រុងហូជីមិញបានហក់ឡើងពីទំហំទឹកប្រាក់ចំនួន៨០លានដុងក្នុងមួយម៉ែត្រការ៉េកាលពីខែកក្កដា ឆ្នាំមុន ដល់តម្លៃជាមធ្យមចំនួន១០៥លានដុងក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។ តួលេខនេះបានបង្ហាញពីការហក់ឡើងជាង២០ភាគរយ។
ជាមួយគ្នានេះ តម្លៃអាផាតមុិននៅគម្រោង The Tresor ដែលមានទីតាំងស្ថិតនៅជិតតំបន់ Saigon Royal បានហក់ឡើង២៤ភាគរយពីទំហំទឹកប្រាក់ចំនួន៦០លានដុងដល់៨៥លានដុងក្នុងមួយម៉ែត្រការ៉េ។
ចំណែក អាផាតមុិននៅគម្រោង Saigon Gateway ដែលមានតម្លៃចន្លោះពី២៦លានដុងទៅ៣៥លានដុងក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំមុន បានហក់ឡើងថ្លៃ២២ភាគរយដល់ទំហំទឹកប្រាក់ចន្លោះពី៣៥លានដុងទៅ៤២លានដុងក្នុងមួយម៉ែត្រការ៉េ។
នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ តម្លៃអាផាតមុិននៅលើទីផ្សារបន្ទាប់បន្សំ(Secondary market)របស់ទីក្រុងហូជីមិញមានទំហំទឹកប្រាក់ជាមធ្យមជិត១០០លានដុងក្នុងមួយម៉ែត្រការ៉េ កើនឡើង៩,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Vietnam ។
យោងតាមថ្នាលសម្រាប់ចុះបញ្ជីអចលនទ្រព្យ Batdongsan បានឱ្យដឹងថា តម្លៃអាផាតមុិននៅទីក្រុងហូជីមិញបានហក់ឡើង២០ភាគរយទៅ៣៣ភាគរយ ខណៈតម្លៃអាផាតមុិននៅភាគខាងកើតនៃទីក្រុងហូជីមិញបានហក់ឡើងខ្ពស់ជាងគេបំផុត ជាពិសេសនៅតាមបណ្តោយផ្លូវហាយវេធំៗ និងតំបន់ Thu Thiem។
យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា តម្លៃអាផាតមុិនជាមធ្យមនៅទូទាំងទីក្រុងហូជីមិញបានហក់ឡើង៣៦ភាគរយកាលពីត្រីមាសទី២ ឆ្នាំ២០២៥ ដល់ទំហំទឹកប្រាក់ចំនួន៨៩លានដុងក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Vnexpress៕









