មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងពីគោលនយោបាយបរិវត្តកម្មឌីជីថលរបស់កម្ពុជាដល់ប្រជាជន និងសហគ្រិនចិន១ម៉ឺននាក់

ដោយៈ និស្ស័យ

    ប្រទេសចិនៈ លោកទេសរដ្ឋមន្ត្រី លី ធុជ តំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាគន្លឹះស្តីពីគោលនយោ​បាយបរិវត្តកម្មឌីជីថលរបស់កម្ពុជា ដល់ទស្សនិកជននៃសហគ្រិនចិនជាង ១០,០០០នាក់ នៅក្នុងពិព័រណ៍ម៉ាកយីហោចិន លើកទី១៩ នៅទីក្រុង ស៊ិនចិន (Shenzhen)។

លោក លី ធុជ ដែលមានតួនាទីជាប្រធានគណៈកម្មាធិការជាតិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាព ការទាក់ទាញការវិនិយោគ និងនវានុវត្តន៍របស់ប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសុន្ទរកថារបស់លោក ដែលបានថ្លែងនៅក្នុងព្រឹត្តិការណ៍ដែលផ្តោតលើ “បញ្ញាសិប្បនិម្មិត និងសកលភាវូបនីយកម្ម” បានគូសបញ្ជា​ក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការត្រៀមខ្លួនជាមជ្ឈមណ្ឌលចម្បង សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍។

លោកលី ធុជ បានមានប្រសាសន៍ថា “ក្រោមការដឹកនាំប្រកប​ដោយចក្ខុវិស័យរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់ចេញនូវគោលនយោបាយ សម្លឹងឆ្ពោះទៅមុខជាច្រើន ដើម្បីជំរុញបរិវត្តកម្មឌីជីថល និងវឌ្ឍនភាពបច្ចេកវិទ្យា។

លោកបានសង្កត់ធ្ងន់ថា “ទីតាំងកណ្តាលរបស់ប្រទេសកម្ពុជា នៅក្នុងអាស៊ាន រួមជាមួយនឹងបណ្តាញកិច្ចព្រមព្រៀង ពាណិជ្ជកម្មដ៏ធំទូលាយរបស់ខ្លួន ធ្វើឱ្យកម្ពុជាក្លាយជាច្រកទ្វារដ៏ល្អ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលកំពុងស្វែងរកការពង្រីកទៅកាន់តំបន់”។

លោកទេសរដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរ នូវការវិនិយោគសំខាន់ៗរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីគាំទ្រដល់វិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

លោកបានទទួលស្គាល់តួនាទីរបស់ប្រទេសចិន ក្នុងកិច្ចសហការផ្នែកបច្ចេកវិទ្យាសកល ហើយបានសរសើរការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) ជាពិសេសសំដៅលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវថាជាចក្ខុវិស័យដ៏មានឥទ្ធិពល សម្រាប់កិច្ចសហប្រតិបត្តិការ និងការរីកចម្រើនជាសកល។

លោក លី ធុជ បានគូសបញ្ជាក់បន្ថែមអំពីមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ដែលឆ្នាំនេះជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូត។

លោកបានបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចិញ្ចឹមបីបាច់ថែរក្សា ភាពជាដៃគូយុទ្ធសាស្ត្រដ៏យូរអង្វែងនេះ ក្រោមការចង្អុលបង្ហាញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕

LEAVE A REPLY

Please enter your comment!
Please enter your name here