ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលការិយាល័យនៅតាមបណ្តាទីក្រុងធំៗនៅតំបន់អាស៊ានបានប្រែប្រួលខុសៗគ្នាអាស្រ័យទៅតាមទីតាំង ប្រភេទអគារ ព្រមទាំងការផ្គត់ផ្គង់ និងតម្រូវការ។ខាងក្រោមនេះជាតម្លៃជួលការិយាល័យនៅទីក្រុងចំនួន៥ ក្នុងតំបន់អាស៊ានគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥៖
ទី១: ទីក្រុងសិង្ហបុរី
នៅត្រីមាសទី២ ឆ្នាំនេះ តម្លៃជួលការិយាល័យកម្រិត A ជាមធ្យមនៅតំបន់ពាណិជ្ជកម្មកណ្តាលនៅទីក្រុងសិង្ហបុរីបានធ្លាក់ចុះក្នុងរង្វង់៣,២ភាគរយមកនៅត្រឹម១១,៦៨ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េក្នុងមួយខែ(ប្រមាណ៩៧,៨៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ)។នេះបើយោងតាមទិន្នន័យពីរដ្ឋាភិបាលសិង្ហបុរី។
ទី២: ទីក្រុងហ្សាការតា
តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីមានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី៤០០.០០០រូពៀទៅ៥៥០.០០០រូពៀក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ(ប្រហែល២៤,៥ដុល្លារទៅ៣៣,៦៥ដុល្លារ) ក្នុងត្រីមាសទី២។
ទី៣: ទីក្រុងម៉ានីល
ការជួលការិយាល័យកម្រិត A នៅតំបន់ពាណិជ្ជកម្មកណ្តាលនៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនមានតម្លៃជាមធ្យមចំនួន៦៧៧ប៉េសូក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី២ ធ្លាក់ចុះ០,១ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។
ទី៤: ទីក្រុងគូឡាឡាំពួរ
តម្លៃជួលការិយាល័យគ្រប់កម្រិតនៅតំបន់ពាណិជ្ជកម្មកណ្តាលនៅក្នុងរាជធានីគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីមានតម្លៃជាមធ្យមចំនួន១,៦៣ដុល្លារក្នុងមួយហ្វីតការ៉េ(ប្រមាណ១៧,៥ដុល្លារ)ក្នុងត្រីមាសទី២។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។
ទី៥: ទីក្រុងហូជីមិញ
តម្លៃជួលការិយាល័យកម្រិត A នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងហូជីមិញនៃប្រទេសវៀតណាមមានទំហំទឹកប្រាក់ជាមធ្យមចំនួន៦២,០៩ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈតម្លៃជួលការិយាល័យកម្រិត B មានទំហំទឹកប្រាក់ជាមធ្យមចំនួន៤៤,៧៦ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕ប្រភព: Vietnam Plus៕










