ដោយៈ សាវុធ
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងទទួលបានកំណើនឡើងវិញក្នុងពេលឆាប់ៗខាងមុខ ព្រោះវិបត្តិកូវីដ១៩ នឹងមិនអាចអូសបន្លាយរាប់ឆ្នាំនោះទេ បន្ទាប់វ៉ាក់សាំងកូវី១៩ បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ នៅប្រទេសសេដ្ឋកិច្ចធំៗជាបន្តបន្ទាប់។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីរៀលធី បានឱ្យដឹងកាលពីថ្មីៗនេះថា វិបត្តិកូវីដ១៩នឹងបញ្ចប់ក្នុងឆាប់ៗខាងមុខនេះ ដោយសារដំណឹងល្អពីវ៉ាក់សាំងបាន និងកំពុងចេញផ្សាយជាបន្តបន្ទាប់ ហើយវិស័យសំខាន់ៗជាច្រើនក្នុងសេដ្ឋកិច្ចនឹងចាប់ផ្តើមមានកំណើនឡើងវិញ។
លោកបន្តថា “វិបត្តិកូវី១៩មិនអាចអូសបន្លាយរាប់ឆ្នាំនោះទេ ព្រោះថាពេលនេះ ពិភពលោក កំពុងបង្ហាញពីសញ្ញាវិជ្ជមាននៃវ៉ាក់សាំងរួចហើយ ដូច្នេះមិនយូរមិនឆាប់មេរោគមួយនេះ នឹងត្រូវរលាយសាបសូន្យ” ។
លោកបានបន្តថា វិនិយោគិនក្នុង និងក្រៅស្រុក ក៏អាចធ្វើចរាចរណ៍ចេញចូលក្នុងប្រទេស ដើម្បីស្វែងរកការវិនិយោគក្នុងវិស័យអចលនទ្រព្យបានផងដែរ ពេលនោះយើងរំពឹងថា វិស័យអចលនទ្រព្យ នឹងទទួលបានកំណើនឡើងវិញជាក់ជាមិនខាន។លោកបានថ្លែងទៀតថា នៅក្នុងពេលមានវិបត្តិដោយសារតែកូវីដ១៩នេះ អ្នកមានលុយមានឱកាសខ្ពស់ក្នុងការទិញអចលនទ្រព្យ ដែលមានទីតាំងល្អៗ ក្នុងតម្លៃសមរម្យ និងអាចលក់ចេញវិញនៅពេលចប់វិបត្តិ ដោយអាចនឹងទទួលបានផលចំណេញខ្ពស់។
ចំណែកលោករិន ច័ន្ទរឹទ្ធអគ្គនាយកក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យ DNZ បានឱ្យដឹងថា ក្នុងពេលវិបត្តិកូវីដ១៩ អ្នកទិញខុនដូ និងអ្នកមកទស្សនាអគារតាំងបង្ហាញគម្រោងខុនដូនានា គឺជាជនជាតិខ្មែរ និងមានជនជាតិបរទេសតិចតួចបំផុត។
លោកបានបន្តថា “គម្រោងខ្លះសឹងតែមិនមានជនបរទេសនោះទេ ដូច្នេះវាបង្ហាញថា នៅក្នុងវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០នេះ អ្នកវិនិយោគលើគម្រោងខុនដូ អ្នកទិញខុនដូ គឺជាភ្ញៀវក្នុងស្រុក ច្រើនលើសលប់” ៕