ដោយៈម៉ាណេត
ភ្នំពេញៈ វិស័យស័យធនាគារនៅក្នុងប្រទេសកម្ពុជាគឺជាប្រព័ន្ធ ដែលមានពីរថ្នាក់ រួមមាន វិស័យសាធារណៈ (តំណាងដោយធនាគារជាតិនៃកម្ពុជា) និងវិស័យឯកជន រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានចូលរួមនៅក្នុងសកម្មភាពឥណទានជនបទ។
អនុលោមតាមច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារទាំងអស់ត្រូវតែស្នើសុំអាជ្ញា ប័ណ្ណនិងស្ថិតក្រោមការត្រួតពិនិត្យពីធនាគារជាតិនៃកម្ពុជា។
កាលពីប៉ុន្មានឆ្នាំកន្លងទៅ ធនាគារមួយចំនួនពុំមានដំណើរការ ល្អដោយសារការគ្រប់គ្រងមានភាពទន់ខ្សោយ ធ្វើឲ្យអតិថិជនបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធធនាគារ។ ដើម្បីដោះស្រាយនូវស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានអនុវត្តច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងបានអនុវត្តកម្មវិធីផ្តល់អាជ្ញាប័ណ្ណសាជាថ្មី ដល់គ្រឹះស្ថានទាំងនោះ។ តាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់ថ្មី នេះប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាបានអភិវឌ្ឍជាបន្តបន្ទាប់និងធានាបាននូវស្ថិរភាពខ្ពស់។
ក្នុងចំណោមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ធនាគារពាណិជ្ជបានដើរតួនាទីជាអ្នកផ្តល់សេវាទូទាត់ដ៏សំខាន់បំផុត ដោយសារពួកគេទទួលបានអត្ថប្រយោជន៍ផ្នែកគតិយុត្តិ និងស្ថាប័នក្នុងការទទួលបាននូវប្រាក់បញ្ញើពី សាធារណជន។
ប្រាក់បញ្ញើរបស់ធនាគារ ផ្តល់ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ប្រតិបត្តិការទូទាត់ដែលមិន ប្រើប្រាស់ សាច់ប្រាក់ដូចជាការផ្ទេរឥណទាន ឥណពន្ធផ្ទាល់ និងការទូទាត់ដោយប្រើប្រាស់ប័ណ្ណទូទាត់ ។
លើសពីនេះ ធនាគារពាណិជ្ជក៏បានដាក់ឲ្យប្រើប្រាស់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទូទាត់ដូចជាម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត (POS) ផងដែរ៕