ការទិញលក់អចលនទ្រព្យពីជនបរទេសនៅកម្ពុជាធ្លាក់ចុះប្រមាន៧០ភាគរយក្នុងឆ្នាំ២០២០

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យអចលនទ្រព្យពីសំណាក់ជនបរទេសនៅកម្ពុជាបានធ្លាក់ចុះប្រមាណ៧០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសាររបាំងនៃការជួបផ្ទាល់និងចេញចូលឆ្លងពីប្រទេសមួយទៅប្រទេសមួយ។ បើតាមលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ថ្លែងនៅក្រោយបោះឆ្នោតជ្រើសតាំងប្រធានសមាគមនេះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

លោកសុខនីម បានមានប្រសាសន៍ ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលវិស័យអចលនវត្ថុនិងវិស័យផ្សេងទៀតបានរងផលប៉ះពាល់ដោយសារតែកូវីដ១៩ ហើយសម្រាប់ការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ ២០២០ចំពោះជនបរទេស មានការធ្លាក់ចុះច្រើនរហូតដល់៧០ភាគរយឯណោះ ដោយជំនួសមកវិញ នូវវិនិយោគិនក្នុងស្រុក ដែលជាអ្នកទិញដូរអចលនទ្រព្យ។

លោកបន្តថា “បើទោះបីជាវិនិយោគិនបរទេសមិនអាចចូលមកវិនិយោគក្នុងប្រទេសកម្ពុជាក្ដី តែសម្រាប់វិនិយោគិនក្នុងស្រុកនៅតែមានឱកាសក្នុងការដើរហើរនិងអាចស្វែងរកការវិនិយោគបានដោយសេរី ព្រោះមិនមានការហាមប្រាមសម្រាប់ចរាចរណ៍ក្នុងស្រុកនោះឡើយ តែយ៉ាងណាក៏ដោយ វិនិយោគិនក៏ដូចជាពលរដ្ឋក្នុងស្រុកក៏ត្រូវរក្សាខ្ជាប់នូវអនាម័យ និងគម្លាត ដោយមិនមានការជួបជុំមនុស្សច្រើននោះទេ ដើម្បីការពារកូវីដ១៩”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីរៀលធី បានឱ្យដឹងផងដែរថា នៅក្នុងពេលមានវិបត្តិដោយសារតែកូវីដ១៩នេះ អ្នកមានលុយមានឱកាសខ្ពស់ក្នុងការទិញអចលនទ្រព្យដែលមានទីតាំងល្អៗ ក្នុងតម្លៃសមរម្យ និងអាចលក់ចេញវិញនៅពេលចប់វិបត្តិដោយអាចនឹងទទួលបានផលចំណេញខ្ពស់។

លោកបន្តថា “វិបត្តិកូវី១៩មិនអាចអូសបន្លាយរាប់ឆ្នាំនោះទេព្រោះថាពេលនេះ ពិភពលោកកំពុងបង្ហាញពីសញ្ញាវិជ្ជមាននៃវ៉ាក់សាំងរួចហើយ ដូច្នេះមិនយូរមិនឆាប់មេរោគមួយនេះ នឹងត្រូវរលាយសាបសូន្យហើយវិនិយោគិនក្នុងនិងក្រៅស្រុកក៏អាចធ្វើចរាចរណ៍ចេញចូលក្នុងប្រទេសដើម្បីស្វែងរកការវិនិយោគក្នុងវិស័យអចលនទ្រព្យបានផងដែរ ពេលនោះយើងរំពឹងថាវិស័យអចលនទ្រព្យនឹងទទួលបានកំណើនឡើងវិញជាក់ ជាមិនខាន”។

លោករិន ច័ន្ទរឹទ្ធអគ្គនាយកក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យ DNZ បានឱ្យដឹងថា ក្នុងពេលវិបត្តិកូវីដ១៩ អ្នកទិញខុនដូនិងអ្នកមកទស្សនាអគារតាំងបង្ហាញគម្រោងខុនដូនានា គឺជាជនជាតិខ្មែរ និងមានជនជាតិបរទេសតិចតួចបំផុត។ គម្រោងខ្លះសឹងតែមិនមានជនបរទេសនោះទេ ដូច្នេះវាបង្ហាញថា នៅក្នុងវិបត្តិកូវីដ១៩ ក្នុងឆ្នាំ ២០២០នេះ អ្នកវិនិយោគលើគម្រោងខុនដូ អ្នកទិញខុនដូ គឺជាភ្ញៀវក្នុងស្រុក ច្រើនលើសលប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here