សញ្ញាវិជ្ជមាន: តម្លៃជួលការិយាល័យជាមធ្យមទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើងជាលើកដំបូងក្នុងត្រីមាសទី២

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលការិយាល័យលំដាប់ Prime នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងជាលើកដំបូងក្នុងរយៈពេលជិត៣ឆ្នាំ ដោយសម្រេចបានអត្រាកំណើនក្នុងរង្វង់០,២ភាគរយនៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ការសម្រេចបានអត្រាកំណើនប្រចាំត្រីមាសទី២ បង្ហាញពីការវិលត្រឡប់ទៅរកស្ថិរភាពនៃតម្លៃជួលការិយាល័យក្នុងតំបន់ បន្ទាប់ពីបានធ្លាក់ចុះរយៈពេលវែង ដោយសារការដាំក្បាលចុះនៃវិស័យអចលនទ្រព្យចិន។

ទោះជាយ៉ាងណា ក្រុមហ៊ុន Knight Frank បានវាយតម្លៃថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាសុីប៉ាសុីហ្វិកមានស្ថិរភាព ឬរងផលប៉ះពាល់បន្តិចបន្តួចដោយសារសង្រ្គាមពន្ធគយរបស់សហរដ្ឋអាមេរិកនៅចន្លោះខែមេសារហូតដល់ខែមិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការសិក្សាដោយក្រុមហ៊ុន Knight Frank បានបង្ហាញថា ទីក្រុងចំនួន១៧ ក្នុងចំណោមបណ្តាទីក្រុងចំនួន២៣ នៅក្នុងតំបន់អាសុីប៉ាសុីហ្វិកបានសម្រេចនូវស្ថិរភាព និងកំណើននៃតម្លៃជួលការិយាល័យចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ ទីក្រុង Brisbane របស់ប្រទេសអូស្ត្រាលី បានបោះជំហាននាំមុខគេ ដោយសម្រេចបានអត្រាកំណើននៃតម្លៃជួលការិយាល័យក្នុងរង្វង់១៤ភាគរយ។

ផ្ទុយទៅវិញ តម្លៃជួលការិយាល័យនៅទីក្រុងហុងកុងបានដាំក្បាលចុះ៣៤ភាគរយ គិតចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០១៩ ដែលការណ៍នេះធ្វើឱ្យទីក្រុងហុងកុងក្លាយជាទីផ្សារការិយាល័យរបស់អ្នកជួល។ នេះមានន័យថា អ្នកជួលមានប្រៀបលើការចរចាកំណត់តម្លៃជាមួយម្ចាស់អគារ។

ចំណែក តម្លៃជួលការិយាល័យនៅតំបន់ចិនដីគោកបានវិលត្រឡប់ទៅរកគន្លងស្ថិរភាពយ៉ាងសន្សឹមៗ ខណៈតម្លៃជួលការិយាល័យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ២,៩ភាគរយប៉ុណ្ណោះនៅត្រីមាសទី២ បន្ទាប់ពីបានធ្លាក់ចុះ៤,៣ភាគរយកាលពីត្រីមាសទី១។

ដោយឡែក ទីផ្សារការិយាល័យនៅប្រទេសឥណ្ឌាបានសម្រេចកំណើនតម្រូវការខ្ពស់បំផុតនៅត្រីមាសទី២ ខណៈក្រុមហ៊ុន Knight Frank សង្កេតឃើញមានការជួលការិយាល័យទំហំ១,២លានម៉ែត្រការ៉េ នៅទូទាំងទីក្រុងធំៗ ចំនួន៣។

ជាមួយគ្នានេះ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានវ៉ាដាច់ទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ខណៈអត្រាការិយាល័យទំនេរនៅទីក្រុងតូក្យូមានកម្រិតទាបបំផុត ដោយសារការផ្គត់ផ្គង់អគារការិយាល័យថ្មីនៅមានកម្រិត៕ប្រភព: Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here