ដោយៈ ប្រាថ្នា
សៀមរាបៈ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា លោកហួត ហាក់បានប្រារពពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុន លើអ្នកជំនាញទេសចរណ៍អាស៊ាន”។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ស្ថាប័នពាក់ព័ន្ឋ តំណាងស្ថាប័នជាតិអាស៊ាន (អាស៊ាន NTOs)។
ថ្លែងក្នុងឱកាសនៃពិធីបើកសិក្ខាសាលា លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកសាងសមត្ថភាព របស់អ្នកវាយតម្លៃបង្គោលអាស៊ានលើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN RPL Guidelines) នៅថ្ងៃនេះ ពិតជាឆ្លើយតប បានទៅនឹងតម្រូវការទីផ្សារនៃឧស្សាហកម្មទេសចរណ៍នាពេលបច្ចុប្បន្ន និងពិតជាឆ្លើយតបបាន ទៅនឹងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ នៅប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនោះបានគូសរំលេចអំពីសារសំខាន់ នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយបានជំរុញប្រទេសសមាជិកអាស៊ានឱ្យពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករវាងអ្នកជំនាញទេសចរណ៍ឤស៊ាន (MRA-TP) តាមរយៈការបណ្តុះបណ្តាលសមត្ថភាពអ្នកជំនាញទេសចរណ៍ គ្រូបង្គោលជាតិនិងអាស៊ាន អ្នកវាយតម្លៃបង្គោលជាតិ និងអាស៊ាន ស្របពេលនឹងការដាក់ឱ្យមានប្រតិបត្តិការពេញលេញ របស់លេខាធិការដ្ឋានថ្នាក់តំបន់ (Regional secretariat) ដើម្បីអនុវត្តន៍MRA-TP, ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ (ASEAN Tourism Strategic Plan), ការរៀបចំផែនការវិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣០ (ASEAN tourism sectoral plan), និងផែនការស្តារវិស័យទេសចរណ៍ អាស៊ានឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ (Post-COVID-19 Recovery Plan for ASEAN Tourism)៕