លោក​ជា ចាន់តូ៖ កំនើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២១ អាច​ងើប​ឡើងវិញក្នុង​ទម្រង់​អក្សរ “V”

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក​ជា ចាន់តូ​បាន​ថ្លែងថា សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹងមាន​អត្រាកំណើន​អវិជ្ជមាន​ក្នុង​ឆ្នាំ២០២០នេះ ដែលជា​កំណើន​ទាប​បំផុត​ចាប់ពី​ឆ្នាំ១៩៩៥មក ប៉ុន្តែ​បើ​ជំងឺ​កូ​វីដ១៩ អាច​ទប់ស្កាត់បាន​ត្រឹម​ចុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ២០២១ អាច​នឹង​ងើប​ឡើងវិញ​ក្នុង​ទម្រង់​ជា​អក្សរ «V» ។

លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ប្រចាំឆមាស​ទី១ ឆ្នាំ ២០២០នេះ​ថា ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នេះហើយ​ក៏ដោយ ក៏​ផល​អវិជ្ជមាន​មួយចំនួន​បាន និង​កំពុង​កើត​រួចមកហើយ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែងថា “ហានិភ័យចម្បងៗ ដែល​អាច​កើតមាន​ពី​ការបន្ត​អូសបន្លាយ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ មានដូចជា ការធ្លាក់ចុះ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​អាជីវកម្ម ការធ្លាក់ចុះ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ការថយចុះ​នៃ​លំហូរ​មូលធន​ពី​ក្រៅប្រទេស​មក​ក្នុង​វិស័យ​ធនាគារ។

លោក​ជា ចាន់តូ បាន​លើកឡើងថា “បើទោះបី​កម្ពុជា​បាន​ចាត់វិធានការ​គ្រប់គ្រង ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ក៏ដោយ វិស័យ​សំណង់​នៅ​កម្ពុជា​ក៏​ប្រឈមមុខ​នឹង​ការថយចុះ​ផងដែរ ដោយសារតែ​ប្រភព​ទុន១ ផ្នែក​ទទួល​បានមកពី​ក្រៅប្រទេស។

លោក​ជា ចាន់តូ​បាន​បន្ថែមថា ទោះបីជា​យ៉ាង​ក៏ដោយ ក៏​វិស័យ​អចលនទ្រព្យ នៅតែ​បន្ត​មាន​វិជ្ជមាន​ក្នុង​ឆមាស​ទី១ ឆ្នាំនេះ។ ទំហំ​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់ នៅ​ទូទាំងប្រទេស មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង៣៤០០លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង២១%  នៅលើ​គម្រោង​វិនិយោគថ្មីៗប្រមាណ២ពាន់​គម្រោង ដែល​កំណើន​នេះ​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង នៃ​កំណើន​សំណង់​ប្រភេទ​ពាណិជ្ជកម្ម លំនៅឋាន ជាពិសេស​ផ្ទះល្វែង និង​ខុន​ដូ។

ឥណទាន​លំនៅដ្ឋាន ដែល​ផ្តល់ឱ្យ​ដោយ​គ្រឹះស្ថាន​ធនាគារ​មាន​ចំនួន ១១,៦ភាគរយ នៃ​ទំហំ​នៃ​ការផ្តល់​ឥណទាន​អតិថិជន របស់​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា​ក្នុង​ឆមាស​ទី១ឆ្នាំ២០២០នេះ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆមាស​ទី១ ឆ្នាំ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា។

យោងតាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រចាំ​ខែឧសភា ឆ្នាំ២០២០ ក្នុងនោះ​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុញ្ញាត​លើ​សំណើសុំ​សាងសង់ សរុប​ទូទាំងប្រទេស​ចំនួន២ ១០៧ គម្រោង កើនឡើង៤៩៥ គម្រោង ដោយមាន​ផ្ទៃក្រឡា​ប្រមាណ ៧,៨លាន​ម៉ែត្រការ៉េ កើនឡើង​ជាង៣១% ដែល​ស្មើនឹង​តម្លៃ​វិនិយោគ​សរុប​ប្រមាណ ៣៤៨៣លាន​ដុល្លារ​អាមេរិក កើនឡើង​ជាង២១% បើ​ធៀប​និង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here