ធនាគារក្នុងស្រុកមួយត្រៀមខ្លួនសម្រាប់វាយលុកទីផ្សារឌីជីថលនៅឆ្នាំក្រោយ

ដោយ ៖ លក្ខិណា

ភ្នំពេញ ៖ ក្នុងពេលបច្ចេកវិទ្យាក្នុងវិស័យធនាគារកាន់តែមានភាពប្រកួតប្រជែង និងរីកចម្រើនជាបន្តបន្ទាប់ ធនាគារក្នុងស្រុកធំមួយបានត្រៀមខ្លួនក្នុងការវាយលុកទីផ្សារសម្រាប់ធនាគារឌីជីថលសម្រាប់ឆ្នាំ២០២ខាងមុខនេះ ដោយត្រៀមអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនបន្ថែមទៀតសម្រាប់បម្រើផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា ដែលជាធនាគារពា​ណិជ្ជក្នុងស្រុកដំបូងគេ និងបានឡើងផ្សារហ៊ុនកម្ពុជាបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២១ ខ្លួននឹងផ្ដល់ការប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់អតិថិជនក្រោមរូបរាងថ្មី ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយភាពច្នៃប្រឌិត ងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាព ដើម្បីគាំទ្រដល់ដំណើរការអាជីវកម្មអតិថិជនរបស់ខ្លួន។

លោកស្រីសុខ សោភា នាយិកាប្រតិបត្តិផ្នែកទីផ្សារនៃធនាគារអេស៊ីលីដាបានឱ្យដឹងថា ធនាគារអេស៊ីលីដា បានរៀបចំរចនាសម្ព័ន្ធបច្ចេកវិទ្យា ជាមួយជម្រើសយ៉ាងសម្បូរបែបសម្រាប់បម្រើប្រតិបតិ្តការធនាគារ តាមរយៈម៉ាស៊ីនដក-ដាក់ប្រាក់ជាង៧០០គ្រឿង នៅតាមបណ្តាទីតាំង៣៤០ ដោយស្វ័យប្រតិបតិ្តការ២៤ម៉ោងក្នុងមួយថ្ងៃ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ។

យោងតាមសេចក្តីប្រកាសរបស់ធនាគារដដែលនេះបានបង្ហាញពីភាពជោគជ័យមួយទៀត ដោយទទួលបានការដំឡើងចំណាត់ថ្នាក់Stand-Alone Credit Profile (SACP ) ពីកកម្រិត ‘bb-‘ ទៅកម្រិត ’bb’ ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា ការដំឡើងចំណាត់ថ្នាក់(SACP) ពីកម្រិត bb- ទៅកម្រិត bb ដល់ធនាគារអេស៊ីលីដាដោយមូលហេតុចម្បងៗ ដូចជា ធនាគាររក្សាបាននូវទ្រព្យសកម្មចម្រុះ ការគ្រប់គ្រងដោយការប្រុងប្រយ័ត្ន គិតគូរនូវរាល់ហានិភ័យពាក់ព័ន្ធជាមូលដ្ឋានសម្រាប់ការលូតលាស់ និងមានមូលធនភាវូបនីយកម្មរឹងមាំ។

លោកបានគូសបញ្ជាក់ថា “កត្តាទាំងអស់នេះ ឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃបណ្តាញធុរកិច្ចរបស់ធនាគារអេស៊ីលីដា ដោយរក្សាបាននូវចំណូលប្រកបដោយចីរភាពដោយមិនមានផលប៉ះពាល់”។

ធនាគារអេស៊ីលីដា បានចាប់ផ្ដើមពីទុនដំបូងត្រឹមជាង៦៣ម៉ឺនដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៣ ហើយបានក្លាយជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅកម្ពុជា ដោយបានចូលក្នុងផ្សារហ៊ុនកម្ពុជាមុនគេ ជាមួយនឹងដើមទុនម្ចាស់ទ្រព្យបច្ចុប្បន្ន កើនឡើងដល់ជាង៩០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here