លោកឧកញ៉ាគីម ហ៊ាងប្រាប់ពីវិធីសាស្ត្រដើម្បីវិនិយោគលើដីធ្លីទទួលបានប្រាក់ចំណេញខ្ពស់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ បច្ចុប្បន្នអ្នករកទទួលទានរបរខាងវិស័យដីធ្លីនៅកម្ពុជា កាន់តែច្រើនឡើង ហើយអ្នកមាននិងរកចំណូលបានដោយសារតែដីធ្លីក៏មានចំនួនច្រើនផងដែរ តើពួកគាត់មានយុទ្ធសាស្ត្រយ៉ាងណាទើបអាចរកចំណូលនិងប្រាក់ចំណេញពីវិស័យដីធ្លីនេះ ?

លោកបណ្ឌិតឧកញ៉ា គីម ហ៊ាងប្រធានKW Cambodia បានថ្លែងថា លោកធ្លាប់បានផ្ដល់ជាមតិ និងជាទស្សនមួយសម្រាប់អ្នកចង់រកទទួលទានរបរក្នុងវិស័យដីធ្លីនេះ ហើយចង់វិនិយោគដីធ្លីមិនពិបាកនោះទេ សម្រាប់អ្នកស្វែងរកទិញដីធ្លី គឺត្រូវរកទិញដីណា ដែលគេចង់លក់ពិតប្រាកដ ពេលនោះនឹងអាចទិញដីបានឆាប់ហើយក្នុងតម្លៃសមរម្យផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានប្រសាសន៍ទៀតថា “បើសិនជារកទិញដីពីអ្នកដែលមិនចង់លក់ ទោះឱ្យតម្លៃប៉ុនណាក៏គេមិនលក់ដែរ។ ដូចគ្នានេះដែរ សម្រាប់អ្នកលក់ដែលចង់លក់ដីវិញ ក៏គួរតែរកអ្នកដែលចង់ទិញដីពិតប្រាកដដូចគ្នា ព្រោះអ្នកដែលចង់ទិញគេប្រាកដជាមានលុយនិងលក់បានក្នុងតម្លៃដែលសមរម្យផងដែរ”។

លោកបានបន្តទៀតថា “សរុបសេចក្តីទៅ អ្វីដែលអ្នករកទទួលទានរបរដីធ្លី ត្រូវចាំនោះគឺ លក់នៅពេលគេចង់ទិញ ហើយទិញនៅពេលគេចង់លក់ នោះការទិញលក់នឹងបានឆាប់រហ័សនិងត្រូវរ៉ូវគ្នា”។

បើក្រលេកមកមើលវិស័យដីធ្លីនៅពេលមានវិបត្តិដោយសារតែជំងឺកូវីដ១៩វិញ ឃើញថាមានលក់ដីកាន់តែច្រើន ព្រោះពួកគាត់ត្រូវការលុយសម្រាប់ដោះស្រាយបញ្ហានិងជីវភាព ក្នុងពេលចំណូលធ្លាក់យ៉ាងខ្លាំងដោយសារតែឥទ្ធិពលពីជំងឺកូវីដ១៩ ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបលោក សំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បាននិយាយផងដែរថា នៅពេលមានវិបត្តិនេះ វាគឺជាឱកាសសម្រាប់អ្នកមានលុយមានទុនសហើយកំពុងស្វែងរកទិញដីធ្លី ។ លោកបានថ្លែងថា “ទិញដីធ្លីនៅក្នុងពេលវិបត្តិបែបនេះ គឺអាចរកបានដីនៅទីតាំងល្អនិងមានតម្លៃទាបជាងទីផ្សារផងដែរ ហើយនៅពេលចប់វិបត្តិភ្លាមដីនោះនឹងឡើងដល់តម្លៃទីផ្សារឬខ្ពស់ជាងទីផ្សារ ដែលអាចធ្វើឱ្យចំណេញកាន់តែខ្លាំង”។

តាមទស្សនៈមហាសេដ្ឋីអចលនទ្រព្យប្រទេសចិន លោក លីកាស៊ីង ក៏ត្រូវបានចងក្រងជាសៀវភៅ និងមានឃ្លាមួយនិយាយថា ទិញដីទុកនៅពេលវិបត្តិមានតម្លៃទាប ហើយក្រោយវិបត្តិអាចលក់វិញក្នុងតម្លៃខ្ពស់ អាចរកបានប្រាក់ចំណេញយ៉ាងស្រួល។

ទស្សននេះ វាពិតជាមិនខុសពីភាពជាក់ស្ដែងនោះឡើយ។ អ្នកមានស្រុកខ្មែរជាច្រើនគឺមានបានដោយសារតែដីធ្លី ដែលទិញទុកតាំងពីតម្លៃទាបហើយលក់វិញ ក្នុងពេលដីនោះឡើងថ្លៃ ហើយសកម្មភាពទិញលក់ក៏ចេះតែមានហូរហែរជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here