ក្រុមហ៊ុន​ក្នុងស្រុក​មួយ​គ្រោង​វិនិយោគ​លំនៅឋាន ដីឡូត៍​លើ​ផ្ទៃដី​ជាង ៥០០ហិច​តានៅ​ផ្លូវជាតិ​លេខ៥១

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងពេល​វិបត្តិ​កូ​វីដ១៩ នៅតែ​មិនទាន់​បានបញ្ចប់​នៅឡើយ វិនិយោគិន​ក្នុងស្រុក​មួយចំនួន បានចាប់ផ្ដើម​ដំណើរការ​វិនិយោគ​គម្រោង​ជាបណ្ដើរៗ ដោយមាន​សុ​ទិ​ដ្ឋ​និយម​ថា វិបត្តិ​នឹងត្រូវ​បញ្ចប់​នៅពេលឆាប់ៗ ពោលគឺ​នៅ​ឆ្នាំ២០២១ខាងមុខនេះ។

ជាក់ស្ដែង​វិនិយោគិន​ក្នុងស្រុក​មួយរូប បានចាប់ផ្ដើម​អភិវឌ្ឍន៍​គម្រោង១៣០ហិច​តា ដើម្បី​សង់​លំនៅឋាន និង​ដី​ឡូ​ត៏ ហើយ​ក៏បាន​ត្រៀម​ដី​ជាង៥០០ហិច​តា​រួចហើយ​សម្រាប់​អភិវឌ្ឍន៍​បន្តបន្ទាប់​នៅពេល​ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ឧកញ៉ា​អ៊ឹង គីម​ហុង វិនិយោគិន​ក្នុងស្រុក​មួយរូប​បានឱ្យដឹង​តាម​ទទូរ​ស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​ទី១៨ ធ្នូ​កន្លងមក​ថា លោក​បាន​ត្រៀម​ដី នៅតាម​បណ្ដោយ​ផ្លូវ៥១ចំនួន​ជាង៥០០ហិច​តា ដែល​លោក​បាន​ទិញ​ជា​យូរ​មកហើយ ដើម្បី​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​នានា ទោះបីជា​កូ​វីដ១៩មិនទាន់បាន​បញ្ចប់​ក្ដី ។

លោក​និយាយថា “សម្រាប់​ជំងឺ​កូ​វីដ១៩នេះ ប្រទេសធំៗ គេ​នឹងមិន​ទុកឱ្យ​វា​នៅ​អូសបន្លាយ​យូរ​នោះទេ។ ដូច្នេះ​លោក​ជឿជាក់ថា នៅពេលឆាប់ៗខាងមុខនេះ វា​នឹងត្រូវ​បញ្ចប់ ហើយ​សម្រាប់​កម្ពុជា​ក៏​ជា​ប្រទេស​តូច​មួយ ដែល​បាននិងកំពុង​រងគ្រោះ​ដោយសារតែ​កូ​វីដ១៩ក៏​នឹងត្រូវ​បញ្ចប់​វិបត្តិ​នេះ​ដូចគ្នា” ។

លោក​ឧកញ៉ា​បាន​បន្តថា កត្តា​ដែល​លោក​សម្រេច​វិនិយោគ គម្រោង​អចលនទ្រព្យ​នៅ​ផ្លូវ៥១ ដោយសារតែ​លោក​មើលឃើញថា​តំបន់​នេះ ត្រូវបាន​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ជាច្រើន​ទៀត ហើយ​វា​ក៏​ជាទី​តាំង​ដែល​កំពុងអភិវឌ្ឍន៍ ទៅជា​តំបន់​រោងចក្រ​សហគ្រាស​ជាច្រើន។ ជាក់ស្ដែង​បច្ចុប្បន្ន​មាន​គម្រោង​រោងចក្រ​ជាច្រើន កំពុង​បាញ​ឆ្ពោះ​មករក​តំបន់​ផ្លូវ៥១ ។ ដូច្នេះហើយ​ទើប​លោក​ដាក់ទុន​សាងសង់​ជា​លំនៅឋាន ឃ្លាំង​រោងចក្រ​និង​ដី​ឡូ​ត៏ ដើម្បី​ពលរដ្ឋ​មាន​ចំណូល​ទាប ទិញ​សម្រាប់​ទុក​នៅពេល​រោងចក្រ​មកដល់​ទីនោះ ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​បានឱ្យដឹងថា តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ទឹក ភ្លើង តំបន់​នោះ​នឹងមាន​ការទាក់ទាញ​វិនិយោគ​ទៅ​បណ្ដាក់ទុន។ នេះ​គឺជា​ចំនុច​ដ៏​សំខាន់​មួយ សម្រាប់​ទាក់ទាញ​វិនិយោគិន ហើយ​រដ្ឋាភិបាល​ក៏បាន​ខិតខំ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការវិនិយោគ​របស់​វិនិយោគិន​ជាតិ អន្តរជាតិ ក៏ដូចជា​សម្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here