ដោយ៖ លក្ខិណា
ភ្នំពេញ៖ សក្ដានុពលនៃតំបន់តាមបណ្ដោយផ្លូវ៥១ ហាក់ទទួលបានការចាប់អារម្មណ៍សំណាក់វិនិយោគិន ក្នុងស្រុកក្នុងការអភិវឌ្ឍជាដីឡូត៏និងលំនៅឋាន ដោយមានគម្រោងមួយចំនួន ក៏បានចាប់ផ្ដើមអភិវឌ្ឍន៍បណ្ដើរផងដែរ ទោះបីវិបត្តិកូវីដ១៩មិនទាន់បានបញ្ចប់ក្ដី។
លោកស្រីសុខ ស្រីអូនអគ្គនាយិកានៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនៅតំបន់ផ្លូវ៥១ បាននិយាយថា លោកស្រីបានត្រៀមដីនៅតំបន់ផ្លូវ៥១នេះជាង៥០០ហិចតារួចហើយដើម្បីអភិវឌ្ឍន៍ជាបន្តបន្ទាប់ជាដីឡូត៏និងលំនៅឋានជាពិសេសអភិវឌ្ឍន៍លំនៅឋានសម្រាប់អ្នកដែលមានចំណូលទាប និងមធ្យម ឱ្យពួកគាត់មានលទ្ធភាពទិញផ្ទះស្នាក់នៅផ្ទាល់ខ្លួន ។
លោកស្រីបន្តថា កត្តា ដែលលោកស្រី បណ្ដាក់ទុនវិនិយោគនៅតំបន់បណ្ដោយផ្លូវ៥១ ដោយសារតែវាជាផ្លូវសំខាន់ និងតភ្ជាប់ទៅគ្រប់ផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវលេខ ផ្លូវលេខ៥ លេខ៣និងផ្លូវ២ជាដើម។ អ្វីដែលសំខាន់នោះ ផ្លូវ៥១ ជាផ្លូវដឹកទំនិញពីកំពង់ផែក្រុងព្រះសីហនុឆ្ពោះទៅច្រកព្រំដែនកម្ពុជាថៃ (ប៉ោយប៉ែត) ដែលជាច្រកសំខាន់សម្រាប់នាំចេញ នាំចូលក្នុងប្រទេស ដូច្នេះវានឹងក្លាយជាតំបន់ដ៏មមាញឹកនៅពេលអនាគតដ៏ខ្លីនេះ។
លោកស្រីបន្តទៀតថា ជាជំហានដំបូងលោកស្រីបានចាប់ផ្ដើមជាមួយនឹងដីឡូត៏ និងលំនៅឋានទំហំ១៣០ហិចតា ដោយមានគម្រោងរោងចក្រផងដែរ។ គម្រោងនេះគឺផ្ដោតទៅលើអ្នកមានចំណូលទាប និងមធ្យមជាពិសេសកម្មករកម្មការិនីរោងចក្រដែលជួលផ្ទះគេស្នាក់នៅប្រចាំខែ។ ពួកគាត់គ្រាន់តែបន្ថែមថវិកាបន្តិចបន្តួច នោះពួកគាត់នឹងក្លាយជាម្ចាស់ ដែលនេះគឺជាការគិតគូរដល់ពលរដ្ឋក្នុងប្រទេសកម្ពុជា និងជាការចូលរួមចំណែកដោះស្រាយបញ្ហាលំនៅឋានជូនពលរដ្ឋផងដែរ។
លោកស្រីបន្ថែមថា ក្រោយពេលគម្រោងរបស់លោកស្រីលេចជារូបរាង លោកស្រីជឿថានឹងមានគម្រោងវិនិយោគរបស់អ្នកផ្សេងបន្តបន្ទាប់ទៀតមកវិនិយោគនៅទីនោះដែរ ហើយនឹងជំរុញឱ្យសក្ដានុពលដីធ្លី និងអចលនទ្រព្យនៅតំបន់ផ្លូវ៥១ ទទួលបានការគាំទ្រពីវិនិយោគិនបន្ថែមទៀត។
លោកឧកញ៉ា នួន អក វិនិយោគិនអចលនទ្រព្យមួយរូបនៅកម្ពុជា ក៏បាននិយាយផងដែរថា លោកមិនមានដីនៅតំបន់ផ្លូវ៥១ទេ តែលោកលើកទឹកចិត្តឱ្យពលរដ្ឋដែលចង់ទិញដីឡូត៏ សម្រាប់អភិវឌ្ឍន៍ជ្រើសរើសយកតំបន់នោះ ព្រោះថាហេដ្ឋានរចនាសម្ព័ន្ធនៅតំបន់នោះមានភាពទាក់ទាញសម្រាប់អភិវឌ្ឍន៍ ហើយវានឹងក្លាយជាតំបន់មួយដ៏មានសក្ដានុពលនៅពេលខាងមុខនេះ៕