តើវិស័យអចលនទ្រព្យនៅកម្ពុជាត្រូវត្រៀមខ្លួនដូចម្តេចដើម្បីឆ្ពោះទៅរកភាព ប្រសើរឡើងវិញ?

ដោយៈ សាវុធ

ភ្នំពេញៈ វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅលើពិភពលោក បាននិងកំពុងចាប់ផ្ដើមចាក់បណ្ដើរៗទៅលើប្រជាជន នៃប្រទេសមួយចំនួនទៅហើយនោះ បន្ទាប់ពីវិបត្តិកូវីដ១៩បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ទើតែគ្រប់វិស័យ។

បន្ទាប់ពីមានដំណឹងល្អនៃវ៉ាក់សាំងកូវីដ១៩ វិនិយោគិនទេសចរក៏កំពុងរង់ចាំពីប្រតិ​កម្មនៃវ៉ាក់សាំងនេះ តើមានប្រសិទ្ធភាពប៉ុនណា និងត្រៀមចេញសកម្មភាពវិនិយោគ និងធ្វើដំណើរកម្សាន្តឡើងវិញ។ ក្នុងនោះដែរ ក៏មានសំនួរលើកឡើងផងដែរថា តើកម្ពុជាត្រូវត្រៀមអ្វីខ្លះ ដើម្បីជំរុញវិស័យអចលនទ្រព្យ ឱ្យបានល្អប្រសើរឡើងវិញដូចមុនកូវីដ១៩?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ពីថ្មីៗនេះថា រហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយប្រជាជននៃប្រទេសទាំងនោះ ក៏កំពុងរង់ចាំមើ​លពីប្រតិកម្មរបស់វាផងដែរ។

លោកបានឱ្យដឹងថា “បើសិនជាវ៉ាក់សាំងនេះមានប្រសិទ្ធភាព ដែលអាចកំចាត់កូវីដ១៩បាននោះ ប្រជាជនលើពិភពលោក ទាំងវិនិយោគិន និងទេសចរនឹងចេញធ្វើសកម្ម​ភាពវិនិយោគ និងទេសចរណ៍”។ លោកបានថ្លែងបន្តថា “អ្វីដែលកម្ពុជាត្រូវត្រៀម សម្រា​ប់ទទួលស្វាគមន៍ ការវិលត្រលប់នៃភាពប្រសើរឡើង វិស័យអចលនទ្រព្យគឺត្រូវមានផលិ​តផល ដែលត្រឹមត្រូវច្បា​ស់លាស់។ ក្នុងន័យនេះ គឺត្រូវដោះស្រាយរាល់ទំនាស់ ដែលកើតឡើងចំពោះអចលនទ្រព្យ ដើម្បីឱ្យវិនិយោគិនមានជំនឿជាក់ លើអចលនទ្រព្យក្នុងប្រទេ​សកម្ពុជា និងមកបណ្ដាក់ទុនវិនិយោគ បន្ថែមទៀត”។

លោកបន្ថែមថា នៅពេលកម្ពុជាមានវ៉ាក់សាំងកូវីដ១៩ លោករំពឹងថា នៅឆ្នាំ ២០២១ វិស័យអចលនទ្រព្យនឹងទទួលបានសកម្មភាពវិនិយោគ ការទិញលក់ប្រសើរឡើងវិញ តែវាត្រូវប្រើពេលយូរបន្តិច ដើម្បីឱ្យវាបានប្រសើរដូចស្ថានភាពមុនកូវីដ១៩។

លោកបានថ្លែងថា “អ្វីដែលពលរដ្ឋត្រូវធ្វើនៅពេលនេះ គឺការទប់ស្កាត់ការចម្លងមេរោគនេះបន្តទៀតក្នុងសហគមន៍។ ដូច្នេះប្រជាពលរដ្ឋ ត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន”។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ក៏បាននិយាយដូច្នេះថា មានតែការស្ដាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលនោះទេ ទើបអាចបញ្ឈប់ការឆ្លងក្នុងសហគមន៍ និងអាចទប់ស្កាត់ការធ្លាក់ចុះ នៃសេដ្ឋកិច្ច វិស័យអចលនទ្រព្យក៏ដូចជាវិស័យផ្សេងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here