ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគមួយចំនួនបានលក់មាសចេញដើម្បីទទួលបានផលចំណេញពីការវិនិយោគលើលោហៈធាតុដ៏មានតម្លៃមួយនេះ ក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជាផ្សេងៗ ដូចជាសង្គ្រាមពាណិជ្ជកម្ម និងជម្លោះភូមិសាស្ត្រនយោបាយ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤៧ភាគរយមកនៅត្រឹម៣៣២៧,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៥ភាគរយដល់៣៣៤១,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់ត្រឹម៩៩,៤៣ពិន្ទុនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៣៨ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៣២ភាគរយដល់៣២,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣៣ភាគរយដល់៩៧៦,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៧៥ភាគរយដល់៩៦២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕