ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានស្ទុះងើបឡើងថ្លៃយ៉ាងគំហុកក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេល៩០ថ្ងៃចំពោះការដំឡើងពន្ធខ្ពស់លើបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក លើកលែងតែប្រទេសចិន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានស្ទុះងើបឡើងថ្លៃចំនួន៤,២៨ភាគរយ គិតត្រឹមម៉ោង១១:០៧នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានស្ទុះងើបឡើងថ្លៃ៨,៤៣ភាគរយ ខណៈផ្សារហ៊ុន Topix បានស្ទុះងើបឡើងថ្លៃ៧,៦៤ភាគរយ។សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃចំនួន១,៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃប្រមាណ១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៩៣ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានស្ទុះងើបឡើងថ្លៃ៤,៧១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានស្ទុះងើបឡើងថ្លៃ៥,៣៦ភាគរយ៕