ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ ក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីផ្សារហ៊ុននៅទូទាំងពិភពលោកបានដាំក្បាលចុះកាលពីថ្ងៃច័ន្ទម្សិលមិញ ដោយសារការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្ម ដែលដុតបញ្ឆេះដោយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,១៦ភាគរយ គិតត្រឹមម៉ោង១១:០៦នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ៥,១៤ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ៥,៤៧ភាគរយ។សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃចំនួន១,៥៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃប្រមាណ០,៩៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៩១ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ១,៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៦ភាគរយ៕