ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះយ៉ាងគំហុក ក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារក្រុមអ្នកវិនិយោគមានការព្រួយបារម្ភអំពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលអាចបង្កជាសង្គ្រាមពាណិជ្ជកម្មសកល។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន៧,៤៤ភាគរយ គិតត្រឹមម៉ោង១១:០៦នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ៦,៤៣ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ៦,៦១ភាគរយ។សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានដាំក្បាលចុះចំនួន១០,៧ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះប្រមាណ៦,៣១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ៦,៣៤ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ៤,០៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ៤,៨៦ភាគរយ៕