រឿងត្រូវដឹង និងសិក្សា មុនសម្រេចចិត្តវិនិយោគតើអ្នកអភិវឌ្ឍន៍សម្លឹងមើលអ្វីមុនគេ?

        ដោយលក្ខិណា

ភ្នំពេញៈ មុននឹងសម្រេចចិត្តអភិវឌ្ឍន៍អចលនទ្រព្យអ្វីមួយ អ្នកវិនិយោគតែងតែគិតគូរម៉ត់ចត់ និងសម្លឹងទៅលើទីតាំងក្នុងតំបន់ដែលខ្លួននឹងអភិវឌ្ឍន៍ ដើម្បីទទួលបានជោគ​ជ័យ និងគាំទ្រពីអតិថិជន ទៅលើគម្រោងអភិវឌ្ឍន៍ដែលនឹងចាប់ផ្ដើមអភិវឌ្ឍន៍។

ដូច្នេះ មុនសម្រេចចិត្តអភិវឌ្ឍន៍គម្រោងអ្វីមួយ តើវិនិយោគគួរតែសម្លឹងលើអ្វីមុនគេ?។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានលើកឡើងថា អ្នកវិនិយោគ គឺជាអ្នកដែលគិតគូបានច្បាស់លាស់ មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគអ្វីមួយ។ អ្វីដែលវិនិយោគិន តែងតែចង់ដាក់ទុនវិនិយោគនៅតំបន់ណាមួយនោះ គឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មិនថាផ្លូវទឹក ឬក៏ភ្លើង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ទាំងបីនេះគឺសំខាន់ណាស់ សម្រាប់ទាក់ទាញវិនិយោគិនទៅបណ្ដា​ក់ទុនវិនិយោគនៅតំបន់នោះ ជាក់ស្ដែងបច្ចុប្បន្ននេះ ទីណាដែលមានផ្លូវល្អ ផ្លូវស្រួលនិងច្រើនខ្សែ ទីនោះនឹងទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់”។ លោកបន្តថា ហេតុនេះហើយទើបរដ្ឋាភិបាល ខិតខំពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីទីក្រុងទៅកាន់ជាយៗក្រុង ដើម្បីឱ្យការធ្វើដំណើរពីទីក្រុងជាយក្រុងកាន់តែប្រើរយៈពេលខ្លី”។

លោកបន្តថា សម្រាប់ពេលនេះ នៅជុំវិញរាជធានីភ្នំពេញ តំបន់ណាក៏មានសក្ដានុពលក្នុងការវិនិយោគដែរ គ្រាន់តែមានតំបន់ខ្លះ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេប៉ុណ្ណោះ ក្នុងនោះតំបន់ដែលមានហេដ្ឋាសម្ព័ន្ធសំបូរបែប គឺទទួលបានការវិនិយោគច្រើនពីអ្នកវិនិយោគ និងមានគម្រោងធំៗចូលទៅវិនិយោគក្នុងតំបន់នោះ។

លោកសុខនីមបានបន្តថា “បើនិយាយពីសក្ដានុពលនៅជុំវិញរាជធានី គឺមានការសាយភាយស្ទើរតែគ្រប់ទិសទៅហើយ ហើយគំរោងនិមួយៗ ក៏មានការអភិវឌ្ឍប្លែកៗ ចម្រុះគ្នាផងដែរ អាស្រ័យលើគម្រោងប្លង់មេរបស់រាជរដ្ឋាភិបាល”។

បើតាមអ្នកជំនាញអចលនទ្រព្យដទៃទៀត ក៏បាននិយាយស្រដៀងគ្នាដែរថា កង្វះហេដ្ឋារចនាសម្ព័ន្ធ ក៏ជាកត្តារារាំងដល់ការអភិវឌ្ឍនៅតំបន់នោះដែរ ដូច្នេះនៅមុនការចាប់ផ្ដើមអភិវឌ្ឍន៍អ្វីមួយនោះ វិនិយោគិនតែងតែសម្លឹងទៅលើគម្រោងប្លង់មេ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ននៅតំបន់នោះជាមុន។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតភ្ជាប់តំបន់នៅជាយៗរាជធានី ដូចជាតំបន់ដែលនៅត្រើយម្ខាង តំបន់ដែលមានភាពខ្វះខាតខាងផ្លូវទឹកនិងភ្លើង ដើម្បីឱ្យវិនិយោគិនងាយស្រួល ក្នុងការដាក់ទុនវិនិយោគលើគម្រោងផ្សេងៗដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here