World Bank៖ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២១ បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតជំងឺជាសាកល

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថាសកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។ នេះយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលគេទំព័រ Cambodiafinancialtimes.come នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
សេដ្ឋកិច្ចត្រូវបានព្យាករថានឹងរួញទំហំប្រមាណដក ២ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថានឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១។ ធនាគារពិភពលោកបានឱ្យដឹងដូច្នេះនៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។
នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ អន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់រដ្ឋាភិបាល បានជួយមួយផ្នែកក្នុងការទ្រទ្រង់ដល់ផ្នែកទទួលទានប្រើប្រាស់ឱ្យនៅស្ថិតស្ថេរ ហើយអតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។
យោងតាមរបាយការណ៍ខាងលើនេះ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរនិងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងធ្វើជាមួយប្រទេសនានាក្នុងតំបន់។
ទោះបីជាការនាំចេញសរុបនៃផលិតផលកមន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀត មានកង់, គ្រឿងបង្គុំអគ្គិសនី, និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកបានជួយមួយផ្នែកក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍និងការធ្វើដំណើរ កម្រើកឡើងវិញ។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា “ចក្ខុវិស័យកំណើនរបស់កម្ពុជានៅប្រឈមនឹងភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ”។
លោកស្រីពោលបន្តទៀតថា “ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុកនិងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ផងដែរ”។
ក្នុងគោលបំណងជួយកម្ពុជាឱ្យឆាប់រើខ្លួនចេញពីការរាតត្បាតជំងឺនេះ ជាអនុសាសន៍ របាយការណ៍បានស្នើឱ្យបង្កើនការវិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រី និងសម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធីបង្កើតការងារជាថ្នូរយកប្រាក់កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង ហើយទន្ទឹមគ្នានេះ លើកកម្ពស់វិស័យអតិពលកម្មនានាដើម្បីបង្កើតការងារក្នុងឱកាសដែលមានការងើបឡើងឆាប់រហ័សនៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។
របាយការណ៍ក៏បានលើកឡើងដែរនូវឱកាសនានាសម្រាប់សម្រួលការពង្រីកការវិនិយោគក្នុងស្រុកនិងពីបរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
របាយការណ៍នេះបានចង្អុលបង្ហាញដែរអំពីសារៈសំខាន់ចាំបាច់បំផុតនៃការរៀបចំបង្កើនឱ្យមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំមួយសម្រាប់វ៉ាក់សាំងកូវីឌ១៩ ក៏ដូចជាការតាមដានឱ្យបានដិតដល់ផងដែរនូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចដែលអាចបង្កដោយកំណើនអូសបន្លាយយូរពេករបស់វិស័យសំណង់ និងអចលនទ្រព្យ។
ការស្ទង់មតិតាមទូរស័ព្ទដែលធនាគារពិភពលោកបានធ្វើពីរដងក្នុងរយៈពេលកន្លងទៅ បានឱ្យដឹងថា ចំនួនអ្នកផ្តល់ចម្លើយដែលកំពុងធ្វើការក្នុងពេលស្ទង់មតិ មានការធ្លាក់ចុះពី៨២ភាគរយនៅពេលមានការផ្ទុះជំងឺកូវីដ១៩ដំបូង មកនៅត្រឹម៧១ភាគក្នុងខែឧសភា ឆ្នាំ២០២០ ហើយតួលេខនេះហាក់ដូចជានៅដដែលក្នុងខែសីហា ឆ្នាំ២០២០។
ការរាតត្បាតជំងឺនេះនៅតែបន្តជះផលអវិជ្ជមានទៅលើសកម្មភាពធុរកិច្ចដែលមិនមែនជាការដាំដុះ ប៉ុន្តែក្នុងសភាពមួយដែលមិនសូវធ្ងន់ធ្ងរណាស់ណាទេបើប្រៀបធៀបទៅនឹងពេលដែលវិបត្តិនេះបានផ្ទុះឡើងភ្លាមៗ។ ការបាត់បង់ចំណូលនៅតែមានទំហំធំធេងនៅឡើយ បើទោះជាការធ្លាក់ចុះចំណូលគ្រួសារថយល្បឿនបន្តិចវិញក្រោយពីរដ្ឋាភិបាលបានដាក់ចេញកម្មវិធីថ្មីមួយសម្រាប់ផ្ទេរសាច់ប្រាក់ទៅជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការស្ទង់មតិទាំងនោះបង្ហាញថា ជិត៩០ភាគរយនៃក្រុមគ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នកក្រ បានរាយការណ៍ថាបានទទួលប្រាក់សង្គ្រោះនៅក្នុងខែសីហា និងកញ្ញា។
របាយការណ៍នេះមានជំពូកពិសេសមួយផ្តោតទៅលើ ការស្ទង់មតិលើសកម្មភាពធុរកិច្ចកម្ពុជា (Cambodia Business Pulse Surveys/BPS) ដែលត្រូវបានធ្វើឡើងសម្រាប់ស្វែងយល់អំពីផលប៉ះពាល់របស់កូវីដ១៩ ទៅលើធុរកិច្ច។ ការស្ទង់មតិលើសកម្មភាពធុរកិច្ចនេះត្រូវបានធ្វើជាមួយក្រុមហ៊ុនជាង ៥០០ក្រុមហ៊ុនពីខែមិថុនាដល់ខែកញ្ញា ហើយលទ្ធផលបង្ហាញថា អាជីវកម្មជាច្រើនបានបើកទ្វារឡើងវិញហើយតាំងពីខែមិថុនាមក។ យ៉ាងណាក្តី ការលក់នៅមានកម្រិតទាបខ្លាំង ពិសេសសម្រាប់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម និងសម្រាប់បណ្តាក្រុមហ៊ុនជាច្រើននៅខេត្តសៀមរាប។
បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here