ពាក្យសុំ​ចុះបញ្ជី​ផ្សាយ​លក់ IPO បាន​កើន​ឡើងជា​លើកដំបូង​លើ​ទីផ្សារ​កំណើន

ដោយៈ​សាវុធ

ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX)  បានទទួល​ពាក្យសុំ​ចុះបញ្ជី​លើ​ទីផ្សារ​កំណើន (Growth Board) ជា​លើកដំបូង​ពី​សហគ្រាស​ធុន​តូច និង​មធ្យម (SME)  ដែល​នឹង​ជំរុញ SME នៅលើ​ផ្សារ​ហ៊ុន ក្នុងការ​ប្រមូល​មូលនិធិ តាមរយៈ​ទីផ្សារ​មូលធន​មួយ​នេះ ដើម្បី​ពង្រីក​អាជីវកម្ម។ នេះ​យោងតាម​ការលើកឡើងរ​បស់ CSX ចេញផ្សាយ​កាលពីថ្មីៗនេះ។

ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ លើកដំបូង​ជា​សាធារណៈ (IPO) មិនត្រូវ​បានបង្ហាញ​ទេ​នៅពេលនេះ ដោយ​ត្រូវ​រង់ចាំ​រហូតដល់​គណៈ​កម្ម​ការមូល​ប​ត្រ​កម្ពុជា (SECC) ផ្ដល់​ការយល់ព្រម​លើ​ការបោះ​ផ្សាយ​លក់ មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ជាមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារ​កំណើន ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ២០១៥ ហើយ CSX ព្យាយាម​យ៉ាងខ្លាំង​ក្នុងការ​ទាក់ទាញ SME ដើម្បី​ចុះបញ្ជី​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ។

ក្រុមហ៊ុន​ប្រភេទ SMEs ត្រូវមាន​មូលធន​ប្រតិបត្តិការ​អប្បបរមា ចំនួន៥សែន​ដុល្លារ​ក្នុងការ​ចុះបញ្ជី បើ​ធៀប​នឹង ៧,៥លាន​ដុល្លារ​លើ​ទីផ្សារ​គោល។ នេះ​បើ​យោងតាម​បទ      ប្បញ្ញត្តិ​របស់ SECC។

ចំពោះ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅលើ​ទីផ្សារ​នេះ តម្រូវឱ្យ​ចេញផ្សាយ​លទ្ធ​ផល​ហិរញ្ញវត្ថុ ដែល​ធ្វើ​សវនកម្ម​រួចហើយ​រយៈពេល១ឆ្នាំ ធៀប​នឹង​រយៈពេល២ឆ្នាំ ដែល​តម្រូវ​សម្រាប់​ក្រុមហ៊ុនធំ។ លើស​ទៅទៀត​នេះ​លទ្ធផល​នេះ ត្រូវតែ​បង្ហាញ​ប្រាក់ចំណេញ​សុទ្ធ​វិជ្ជមាន ឬ​លំហូរ​សាច់ប្រាក់​ប្រតិបត្តិការ​វិជ្ជមាន ជាមួយនឹង​ប្រាក់ចំណេញ​ដុល​យ៉ាងហោចណាស់១០ភាគរយ។

បច្ចុប្បន្ន ក្រុមហ៊ុន​ចុះបញ្ជី​នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុ​ជាមាន​ចំនូ​ន១៣ ក្នុងនោះ​ក្រុមហ៊ុន​ចំនួន៧ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន៦ផ្សេងទៀត​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម។

យោងតាម​ទិន្នន័យ​របស់ CSX បានឱ្យដឹងថា ក្រុមហ៊ុន​ទាំង១៣នេះ​បាន​ប្រមូល​មូលនិធិ​រួម​ចំនួន២៥៣លាន​ដុល្លារ និង​ស​ន្ទ​ស្សន៍​ភាគហ៊ុន បាន​កើនឡើង​ជាង៥៧ភាគរយ​កាលពី​ឆ្នាំមុន​ធៀប​នឹង​ឆ្នាំ ២០១៨ ។

ទិន្នន័យ​ដដែល​នេះ​ក៏បាន​បង្ហាញថា នៅក្នុង​រយៈពេល៩ខែ​ដំបូង​ឆ្នាំនេះ ក្រុមហ៊ុន​ចំនួន២បាន​ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន៣បាន​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម។ ក្រុមហ៊ុន​ទាំង៥នេះ បាន​ប្រមូល​មូលនិធិ​រួម​ចំនួន៩២លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here