ដោយលក្ខិណា
ភ្នំពេញៈ បើទោះបីជាក្នុងស្ថានភាពកូវីដ១៩ នៅមិនទាន់ចប់ក្ដីក៏ការទិញលក់ដីធ្លីនៅខេត្តកំពត នៅតែមានសកម្មភាព និងមានសកម្មភាពតាំងពីកូវីដ១៩ នៅពេញបន្ទុកផងដែរ ហើយអ្នកដែលទិញដីធ្លីនៅខេត្តកំពត ភាគច្រើនជាអ្នកភ្នំពេញ ដោយភាគច្រើនទិញទុកដើម្បីចំនេញនៅពេលអនាគត ។ នេះបើតាមការអះអាងរបស់ភ្នាក់អចលនទ្រព្យប្រចាំខេត្តមាត់សមុទ្រទាំងពីរនេះ។
លោកសុខ គែន ប្រធានក្រុមហ៊ុនអចលនទ្រព្យ Street Real Estate បានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទថា សម្រាប់ទីផ្សារដីធ្លី នៅក្នុងខេត្តកំពតនៅតែមានសកម្មភាពទោះស្ថិតនៅក្នុងវិបត្តកូវីដ១៩ក្ដី ហើយការទិញលក់ភាគច្រើនជាដីទំនេរ ដោយភាគច្រើននៃអ្នកទិញ គឺជាអ្នកនៅភ្នំពេញ ទិញទុកដើម្បីចំនេញនៅពេលអនាគត តែក៏មានអ្នកទិញសម្រាប់អភិវឌ្ឍន៍នៅពេលខាងមុខផងដែរ ក្នុងនោះគឺគេមានគម្រោង សម្រាប់សង់ជារមណីយដ្ឋាន និងផ្ទះលំហែកាយជាដើម ។
លោកបន្តថា “នៅក្នុងពេលមានវិបត្តិនៃកូវីដ១៩ តម្លៃដីធ្លី មិនមានការធ្លាក់ចុះនោះទេ គឺរក្សាតម្លៃបានល្អតែក៏មានទីតាំងខ្លះធ្លាក់ថ្លៃដែរ ដោយសារតែម្ចាស់ដីត្រូវការលក់បន្ទាន់ ដើម្បីដោះស្រាយបញ្ហា” ។ លោកបន្តថា “ដូច្នេះក៏ត្រូវបង្ខំលក់ក្នុងតម្លៃទាបជាងទីផ្សារបន្តិច តែយ៉ាងណាសម្រាប់ដី ដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍឃើញថា មានតម្លៃខ្ពស់ជាងមុនបន្តិចផងដែរ” ។
ជាមួយគ្នានេះលោក គឹម សង្គ្រាមភ្នាក់ងារលក់អចលនទ្រព្យនៅខេត្តកំពត និងកែប ក៏បាននិយាយផងដែរថា សកម្មភាពទិញលក់នៅតែមានអ្នកទិញ និងអ្នកលក់ហូរហែរ ដោយភាគច្រើនជាប្រភេទដីភូមិ ដីចំការជាប្លង់ៗ ចំណែកដីឡូត៏មិនសូវជាមានការទិញលក់ប៉ុន្មាននោះទេ ក្នុងស្ថានភាពនេះ ។
លោកនិយាយថា “វាជាឱកាសមួយដែរសម្រាប់អ្នកដែលចង់ទិញដី ក្នុងពេលមានគេចង់លក់ច្រើន ព្រោះអាចរកបានដីនៅទីតាំងល្អៗ ជាមួយតម្លៃសមរម្យ តែបើសិនជាស្ថានភាពសេដ្ឋកិច្ចល្អវិញ នោះវាពិតជាពិបាករកទិញល្អ និងមានតម្លៃទាបជាងទីផ្សារណាស់” ។
រីឯលោកឌិត ចណ្ណា អគ្កនាយកកក្រុមហ៊ុន ឡាក់គី រៀលធី បាននិយាយផងដែរថា វាជាឱកាសសម្រាប់អ្នកមានលុយ ក្នុងការទិញអចលនទ្រព្យ នៅពេលមានវិបត្តិបែបនេះ ព្រោះក្នុងពេលមានបញ្ហាអ្នកណាៗក៏ត្រូវការលុយ ដូច្នេះគេនឹងបញ្ចេញទ្រព្យក្នុងតម្លៃទាបទើបអាចលក់ដាច់ ហើយនៅពេលចប់វិបត្តិ នោះនឹងធ្វើឱ្យតម្លៃអចលនទ្រព្យប្រសើរឡើងវិញ ព្រមទាំងអាចផ្ដល់ផលចំណេញសម្រាប់អ្នកទិញផងដែរ៕