ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈបណ្តាអ្នកវិនិយោគបានបង្ហាញការព្រួយបារម្ភថា សង្គ្រាមពាណិជ្ជកម្មអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ ហើយអាចនាំឱ្យមានវិបត្តិសេដ្ឋកិច្ច។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន១,១២ភាគរយ គិតត្រឹមម៉ោង១១:០១នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៥៣ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ១,៧៨ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះចំនួន០,៩៣ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះប្រមាណ០,៥៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៧ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៨៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,៣២ភាគរយ៕