ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានបន្តបង្ហាញការព្រួយបារម្ភចំពោះគោលនយោបាយដំឡើងរបាំងពន្ធគយរបស់សហរដ្ឋអាមេរិកលើបណ្តាដៃគូពាណិជ្ជកម្មធំៗ ដូចជាកាណាដា មុិកសិក និងចិន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន០,៤១ភាគរយ គិតត្រឹមម៉ោង១១:០១នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ២,១៥ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ១,៥៦ភាគរយ។ ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃចំនួន០,៥៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះប្រមាណ០,១៤ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានស្ថិតក្នុងសភាពទ្រឹង។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ១,៧០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ៕