NBC និងKAMCO ចុះMOUដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាលោកយឹម លាត បានអញ្ជើញជាអធិបតីនិងចុះហត្ថលេខា ក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងសាជីវកម្មគ្រប់គ្រងទ្រព្យសកម្មកូរ៉េ  (KAMCO) ជាមួយលោក Nam Ju Kwon ប្រធាន និងជានាយកប្រតិបត្តិKAMCO នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

អនុស្សរណៈយោគយល់នេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលរវាងស្ថាប័នទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍អនុវត្តន៍ជាក់ស្តែង និងចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងបញ្ហាឥណទានមិនដំណើរការ។ ឯកសារនេះ ក៏គ្របដណ្ត​ប់រាល់ចំណុចសំខាន់ៗ ដូចជា យន្តការនៃកិច្ចសហប្រតិបត្តិការតាមរយៈការផ្តល់ព័ត៌មានផ្នែកសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ដែលបានប្រកាសជាសាធារណៈ ការផ្លាស់ប្តូរឯកសារស្រាវជ្រាវ និងការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក និងចែករំលែកបទពិសោធន៍ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសាភិបាលរង បានមានប្រសាសន៍ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ ក្នុងគោលដៅលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា និងកូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។

ភាគី KAMCO ក៏បានបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិនេះឱ្យកាន់តែល្អប្រសើរ សំដៅលើកកម្ពស់ផលប្រយោជន៍រួម។

នាឱកាសនោះដែរ លោកយឹម លាត ក៏បានជួបពិភាក្សាការងារជាមួយគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ និងសាជីវកម្មធានាប្រាក់បញ្ញើកូរ៉េ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័នទាំងពីរ ជាពិសេសលើការគាំទ្រការរៀបចំ យន្តការកិច្ចការពារប្រាក់បញ្ញើនៅកម្ពុជា និងការកសាងសមត្ថភាពមន្ត្រី-បុគ្គលិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here