ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារអាមេរិកបបានធ្លាក់ថ្លៃចុះ ស្របពេលមានការដាក់របាំងពន្ធគយសងសឹកគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក កាណាដា និងចិន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន១,២២ភាគរយ គិតត្រឹមម៉ោង១១:០៣នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥៣ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,៤៨ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃចំនួន១,៦៥ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃប្រមាណ០,៣២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃចំនួន០,៣២ភាគរយដូចគ្នា។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៨៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៨ភាគរយ៕