ដោយៈសាវុធ
ភ្នំពេញៈ វិស័យធនាគារនៅក្នុងប្រទេសកម្ពុជា គឺជាប្រព័ន្ធដែលមានពីរថ្នាក់ រួមមាន វិស័យសាធារណៈ (តំណាងដោយធនាគារជាតិនៃកម្ពុជា) និងវិស័យឯកជន រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានចូលរួមនៅក្នុងសកម្មភាពឥណទានជនបទ។
អនុលោមតាមច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធនាគារទាំងអស់ ត្រូវតែស្នើសុំអាជ្ញាប័ណ្ណ និងស្ថិតក្រោមការត្រួតពិនិត្យពីធនាគារជាតិនៃកម្ពុជា។ កាលពីប៉ុន្មានឆ្នាំកន្លងទៅ ធនាគារមួយចំនួនពុំមានដំណើរការ ល្អដោយសារការគ្រប់គ្រងមានភាពទន់ខ្សោយធ្វើឲ្យអតិថិជនបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធធនាគារ។
ដើម្បីដោះស្រាយនូវស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានអនុវត្តច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងបានអនុវត្តកម្មវិធីផ្តល់អាជ្ញាប័ណ្ណសាជាថ្មី ដល់គ្រឹះស្ថានទាំងនោះ។ តាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់ថ្មី នេះប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាបានអភិវឌ្ឍជាបន្តបន្ទាប់និងធានាបាននូវស្ថិរភាពខ្ពស់។
ក្នុងចំណោមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ធនាគារពាណិជ្ជបានដើរតួនាទីជាអ្នកផ្តល់សេវាទូទាត់ ដ៏សំខាន់បំផុតដោយសារពួកគេ ទទួលបានអត្ថប្រយោជន៍ផ្នែកគតិយុត្តិ និងស្ថាប័នក្នុងការទទួលបាននូវប្រាក់បញ្ញើពីសាធារណជន។
ប្រាក់បញ្ញើរបស់ធនាគារ ផ្តល់ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ប្រតិបត្តិការទូទាត់ដែលមិន ប្រើប្រាស់ សាច់ប្រាក់ដូចជាការផ្ទេរឥណទាន ឥណពន្ធផ្ទាល់ និងការទូទាត់ដោយប្រើប្រាស់ប័ណ្ណទូទាត់។ លើសពីនេះ ធនាគារពាណិជ្ជ ក៏បានដាក់ឲ្យប្រើប្រាស់និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទូទាត់ ដូចជា ម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត (POS) ផងដែរ៕