ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ គួបផ្សំនឹងភាពជាប់គាំងក្នុងការស្វែងរកសន្តិភាពនៅអ៊ុយក្រែន និងការព្រួយបារម្ភលើគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ដែលបានជំរុញឱ្យតម្រូវការវិនិយោគមាសកើនឡើង។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៣ភាគរយដល់២.៨៦៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៩២ភាគរយដល់២៨៧៤,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥០នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនានេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៧,២៤ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៦១ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,០៩ភាគរយដល់៣១,៨៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានកើនឡើង១,៤៧ភាគរយដល់៩៥១,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,៤៩ភាគរយដល់៩២៥,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥១នាទីព្រឹក៕