ទីក្រុងអនាគត Xiongan តម្លៃ៩៣ពាន់លានដុល្លាររបស់ប្រទេសចិនស្ថិតក្នុងសភាពទទេស្អាត ខណៈពុំទាន់មានមនុស្សសម្រុកទៅរស់នៅ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុង Xiongan ដែលជាគម្រោងទីក្រុងអនាគតប្រកបដោយមហិច្ឆិតារបស់លោកប្រធានាធិបតីចិន សុី ជីនពីង ត្រូវបានសាងសង់ឡើងដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងរដ្ឋធានីប៉េកាំង និងបង្ហាញពីសមត្ថភាពរបស់ប្រទេសចិនក្នុងការរៀបចំធ្វើផែនការអភិវឌ្ឍន៍ទីក្រុង។

ប៉ុន្តែ ទោះបីជាការសាងសង់បានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រពីរដ្ឋាភិបាលចិនយ៉ាងណាក្តី ក៏ទីក្រុង Xiongan នៅតែមានសភាពទទេស្អាត ដោយសារទីក្រុងនេះមិនទាន់មានមនុស្សចូលមករស់នៅច្រើននៅឡើយ។

ការណ៍នេះបានបង្កើនការព្រួយបារម្ភអំពីលទ្ធភាពជោគជ័យរបស់គម្រោងទីក្រុងអនាគតតម្លៃ៩៣ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយកាសែត Wall Street Journal។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានទីតាំងស្ថិតនៅចម្ងាយប្រមាណ៩៦,៥៦គីឡូម៉ែត្រពីរដ្ឋធានីប៉េកាំង ទីក្រុង Xiongan ត្រូវបានគេមើលឃើញថា ជាទីក្រុងបែបសង្គមនិយមទំនើប ដែលនឹងទាក់ទាញបណ្តាសហគ្រាសឧស្សាហកម្មធំៗ បណ្តាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ និងប្រជាពលរដ្ឋចិនរាប់លាននាក់ចូលទៅបណ្តាក់ទុន និងរស់នៅក្នុងទីក្រុងអនាគតមួយនេះ។

នៅក្នុងរយៈពេលក្រោម១០ឆ្នាំ តំបន់ Xiongan ដែលពីមុនធ្លាប់តែជាដីស្រែចំការ និងវាលភក់ បានប្រែក្លាយជាទីក្រុង ដែលមានបណ្តុំអគារលំនៅដ្ឋានខ្ពស់ៗ ការិយាល័យរដ្ឋបាល និងស្ថានីយ៍រថភ្លើងដ៏ធំបំផុតមួយ ដែលមានសមត្ថភាពទទួលអ្នកដំណើរចំនួន១០មុឺននាក់ក្នុងមួយថ្ងៃ។

ប៉ុន្តែ ស្ថានីយ៍រថភ្លើងមានសភាពស្ងៀមស្ងាត់ ដោយមានត្រឹមតែបុគ្គលិកសម្អាតអនាម័យ និងបុគ្គលិកសន្តិសុខ ដែលបម្រើការងារនៅស្ថានីយ៍នោះប៉ុណ្ណោះ។

ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ភាគច្រើននៅទូទាំងទីក្រុង Xiongan ត្រូវបានសាងសង់រួចរាល់។ ប៉ុន្តែ គេពុំសង្កេតឃើញមានអ្នកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះឡើយ បើទោះបីជាមានការអះអាងជាផ្លូវការថា មានមនុស្សចំនួន១,២លាននាក់កំពុងរស់នៅក្នុងទីក្រុង Xiongan នេះយ៉ាងណាក្តី។

កាសែតអាមេរិក Wall Street Journal បានអះអាងថា តួលេខខាងលើនេះរាប់បញ្ចូលប្រជាជនចាស់ដែលរស់នៅតំបន់ជុំវិញទីក្រុង Xiongan ច្រើនជាងចំនួនប្រជាជនថ្មីពិតប្រាកដ៕ប្រភព: WSJ៕

LEAVE A REPLY

Please enter your comment!
Please enter your name here