ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញក្តីបារម្ភថា ផែនការពន្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ អាចជំរុញឱ្យអត្រាអតិផរណានៅសហរដ្ឋអាមេរិកកើនឡើង។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៨ភាគរយដល់២៩៤២,៧៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៦ភាគរយដល់២៩៦១,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៣នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃបន្តិចដល់១០៦,៦៤នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៦,៦០ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤២ភាគរយដល់៣២,៧៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៥៥ភាគរយដល់៩៧៥,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៦ភាគរយដល់៩៣៧,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៥នាទីព្រឹក៕