ដោយៈ ម៉ាណា
ភ្នំពេញៈ គណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)បានសម្តែងការកោតសរសើរ ដល់ក្រុមការងារស្រវាជ្រាវរបស់ធនាគារជាតិនៃកម្ពុជា។
ការលើកឡើងនេះធ្វើឡើងក្នុងជំនួប ក្នុងពេលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្ត្រាចារ្យ Tetsuya Watanabe ជាប្រធានវិទ្យាស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោកសាស្រ្តាចារ្យ បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការល្អរវាង ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថាន ERIA នាពេលកន្លងមក ដោយមានការចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានឌីជីថលបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា លើទិដ្ឋភាពហិរញ្ញប្បទានឌីជីថលបៃតង។
បន្ថែមលើនេះ លោកក៏បានលើកសរសើរ ពីការរៀបចំបានយ៉ាងល្អ នូវគម្រោងសំណើស្រាវជ្រាវរបស់ក្រុមការងារ នៃធនាគារជាតិនៃកម្ពុជា ហើយលោករំពឹងថា នឹងយកលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះសម្រាប់ជាធាតុចូលដ៏សំខាន់ ដើម្បីដាក់បញ្ចូលក្នុងកំណត់បង្ហាញនៃកិច្ចប្រជុំប្រមុខថ្នាក់ដឹកនាំ នៃប្រទេសសមាជិកសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (The Asia Zero Emission Community Leaders Meeting-AZEC)។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានសាទរចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរនាពេលកន្លងមកព្រមទាំងបញ្ជាក់ពី ការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាគោលនយោបាយជាក់លាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហិរញ្ញប្បទានបៃតងនៅកម្ពុជា។
ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើង ពីបញ្ហាប្រឈមទាក់ទងនឹងលទ្ធភាពមានកម្រិត របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការទទួលបានប្រភពហិរញ្ញប្បទានបៃតង និងបានរំលេចពីតួនាទីរបស់បច្ចេកវិទ្យាប្លុកឆេន ក្នុងការដោះស្រាយបញ្ហាមួយចំនួន ក្នុងដំណើរការអភិវឌ្ឍហិរញ្ញប្បទានឌីជីថលបៃតងនៅកម្ពុជាផងដែរ៕